សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនប្រជាពលរដ្ឋមកពីភូមិត្រពាំងពោធិ៍


ព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនប្រជាពលរដ្ឋមកពីភូមិត្រពាំងពោធិ៍, ភូមិត្រពាំងក្រឡឹង, ភូមិព្រៃក្ដួច និងភូមិអង្គតាឯក នៃឃុំភ្នំតូច ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍របស់បងប្អូនបានឲ្យដឹងថា ឃុំភ្នំតូច អនុវត្តគោលនយោបាយអភិវឌ្ឍភូមិឃុំបានល្អមានជាអាទិ៍ ស្ថេរភាពសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងភូមិ-ឃុំ ជីវភាពរបស់ប្រជាជនក៏មានការរីកចម្រើនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ប្រជាជនក្នុងឃុំទាំងមូលបានរស់នៅដោយសុខដុមរមនាជាមួយគ្នា ទោះបីជាមាននិន្នាការនយោបាយផ្សេងគ្នាខ្លះក៏ដោយ។ ចំពោះការបោះឆ្នោតនាពេលខាងមុខបងប្អូនសុទ្ធតែបានអះអាងថា បានទៅចុះឈ្មោះបោះឆ្នោត និងបានទៅពិនិត្យបញ្ជីបោះឆ្នោតរួចហើយ។
ជាការឆ្លើយតប សម្ដេច បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយអភិវឌ្ឍភូមិ-ឃុំរបស់ខ្លួនទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ សម្ដេចបានសំណូមពរឲ្យបងប្អូនខិតខំច្រើនទៀតដើម្បីបន្តកសាងភូមិ-ឃុំរបស់ខ្លួនឲ្យមានការរីកចម្រើនឆាប់រហ័ស។ សម្ដេចក៏បានអំពាវនាវឲ្យបងប្អូនរៀបចំការងាររបស់ខ្លួនឲ្យបានល្អដើម្បីទុកពេល១ថ្ងៃ គឺនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបងប្អូនពេញចិត្ត ឲ្យបន្តដឹកនាំឃុំ-សង្កាត់របស់យើងរយៈពេល ៥ ឆ្នាំតទៅមុខទៀត ។
ក្រោយបញ្ចប់អង្គប្រជុំ សម្ដេច បានអញ្ជើញបងប្អូនទាំងអស់ទទួលទានអាហារថ្ងៃត្រង់ក្នុងបរិយាកាសសប្បាយរីករាយ ។