លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ប្រគល់ និងទទួលម៉ាស់ចំនួន ២៥ម៉ឺនម៉ាស់ សម្រាប់ចែកជូន ៥ស្ថាប័ន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីប្រគល់ និងទទួលនូវម៉ាស់ ចំនួន ២៥ម៉ឺនម៉ាស់ ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា នាថ្ងៃព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃប្រទេសចិន ដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខាពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ១៩ នៅកម្ពុជា ។ ដោយឡែកថ្ងៃនេះ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកជំទាវ នូវការផ្តល់នូវម៉ាស់ទាំងនេះសម្រាប់បែងចែកជូនដល់៖ រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១០ម៉ឺនម៉ាស់ រដ្ឋបាលខេត្តត្បូងឃ្មុំ ចំនួន ៥ម៉ឺនម៉ាស់ ស្នងការរាជធានីភ្នំពេញ ចំនួន ៣ម៉ឺនម៉ាស់ រដ្ឋបាលខេត្តកណ្តាល ចំនួន ២ម៉ឺនមាស់ រដ្ឋបាលខេត្តស្វាយរៀង ៥ម៉ឺនម៉ាស់ ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។