លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកនូវអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៦ គ្រួសារ នៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសំណេះសណាលជាមួយប្រជាពលរដ្ឋចំនួន ៧៦គ្រួសារ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ការចែកជូនអំណោយនាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ៖

ទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។

ទី២.យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ។ ទី៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ ។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានចែកជូនទាំង ៧៦ គ្រួសារ នាពេលនេះរួមមាន ៖ ចាស់ជរា ១៨ គ្រួសារ ជនពិការ ៩ នាក់ កុមារកំព្រា ១ គ្រួសារ ស្រ្តីមេម៉ាយមានកូនច្រើន ២០ គ្រួសារ ជនចំណាកស្រុក ៥ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២០ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ថវិកាមួយចំនួន ។