លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពិធីប្រគល់ និងទទួលម៉ាស់ ជាង ៦ម៉ឺនម៉ាស់ និងមីចំនួន ៣០០កេស របស់ក្រុមហ៊ុនពិភពថ្មី ផ្តល់ជូនមន្ត្រីនៅមូលដ្ឋានខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីប្រគល់ និងទទួលម៉ាស់ ជាង ៦ម៉ឺនម៉ាស់ និងមីចំនួន ៣០០កេស របស់ក្រុមហ៊ុនពិភពថ្មី ផ្តល់ជូនមន្ត្រីនៅមូលដ្ឋានខេត្តស្វាយរៀង នាថ្ងៃរសៀល ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា លី ប៉ោយូ អគ្គនាយកក្រុមហ៊ុនពិភពថ្មី នៅក្នុងគ្រាលំបាកដែលពិភពលោក និងប្រទេសកម្ពុជាកុំពងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ បានបរិច្ចាកនូវសម្ភារៈទាំងនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់នូវមេរោគកូវីដ ១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ៖

ទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។

ទី២.យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ ទី៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ ។

អំណោយដែលចែកជូនថ្ងៃនេះរួមមាន ៖ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង តុលាការខេត្តស្វាយរៀង ស្នងការនគរបាលខេត្តស្វាយរៀង កងរាជអាវុធហត្ថខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង សាលាក្រុងបាវិត ប៉ូលីសច្រកទ្វារព្រំដែនអន្តរជាតិបាវតិ អធិការដ្ឋាននគរបាលក្រុងបាវិត កងរាជអាវុធហត្ថក្រុងបាវិត និងពេទ្យចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិបាវិត ៕