មនុស្សចំនួន ៩០០នាក់ គ្រោងនឹងផ្តល់ឈាម ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សេចក្តីជូនដំណឹងពីក្រសួងសុខាភិបាលបានអោយដឹងថា អ្នកគ្រោងបរិច្ចាកឈាមទាំង៩០០នាក់នេះ គឺរួមមានសិស្ស និស្សិត និងប្រជាជននានាផងដែរ។ ការបរិច្ចាកឈាមថ្ងៃValentine’s Day ទី១៤កុម្ភៈខាងមុខនេះ នឹងធ្វើក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្នុងស្រឡាញ់»។
នៅក្នុងប្រទេសកម្ពុជាដែលមានចំនួនមនុស្ស ១៥លាននាក់នេះ ទំហំបរិច្ចាកឈាម ត្រូវគេឃើញថា មានទំហំតិចជាងសេចក្តីត្រូវការ។ សេចក្តីរាយការណ៍បានអោយដឹងថា ក្នុងប្រទេសកម្ពុជាក្នុងចំណោមមនុស្ស ១ពាន់នាក់ អ្នកបរិច្ចាកឈាមមានតែប្រមាណ ៤នាក់ប៉ុណ្ណោះ ដែលទំហំបរិច្ចាកនេះ មានចំនួនតិចជាងការស្នើរបស់អង្គ ការសុខភាពពិភពលោក WHO ដែលនិយាយថា ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជានេះ តួលេខនៃការផ្តល់ឈាម គប្បីមានយ៉ាងតិចបំផុត ១០នាក់ ក្នុងចំណោម ១ពាន់នាក់។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ កន្លងមក មជ្ឈមណ្ឌលបានផ្គត់ផ្គង់ឈាមប្រមាណ ៦ពាន់ ៣០០ប្លោក នៅទូទាំងប្រទេស។ លោកបានថ្លែងថា កំណើននៃ សេចក្តីត្រូវការឈាមឆ្នាំ២០១៧នេះ អាចមានរហូតដល់ ២០ភាគរយ ច្រើនជាងឆ្នាំ២០១៦។ លោក បានបន្ថែមថា តម្រូវការឈាមនៅក្នុងរាជធានីភ្នំពេញ មានប្រមាណ១៥០ប្លោក… ហើយនៅទូទាំងប្រទេស តម្រូវការឈាម មានប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ សម្រាប់ជួយជីវិតជនរងគ្រោះ៕