សេចក្តីស្នើច្បាប់រារាំងទណ្ឌិតមិនអោយដឹកនាំគណបក្សនយោបាយ បានបញ្ជូនទៅដល់រដ្ឋសភាហើយ នៅថ្ងៃទី ១០កុម្ភៈនេះ។
មន្ត្រីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងថា លិខិតស្នើរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន ៦០រូប ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ បានចូលមកដល់រដ្ឋសភាហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នឹងគ្រោងដាក់ចូលទៅ គណៈកម្មាធិការអចិន្រ្តៃយ៍ ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្ពុជាមិនទាន់មានច្បាប់រារាំងទណ្ឌិត ធ្វើនយោបាយដឹកនាំគណបក្សក្នុងប្រទេស ដូចប្រទេសជិតខាងកម្ពុជានោះទេ។ នេះជាលើកទី១ហើយ ដែលកម្ពុជាបានរៀបចំសេចក្តីព្រាងច្បាប់នេះ គ្រាដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនដែលរាងចាលនូវការធ្វើនយោបាយទុច្ចរិត បើទោះបីជាមានការយោគយល់ អនុគ្រោះពីនាយករដ្ឋមន្ត្រី ដែលតែងស្នើព្រះមហាក្សត្រ រកការលើកលែងទោសជាច្រើនដងរួច មកហើយ។ សេចក្តីរាយការណ៍បាននិទស្សន៍ថា បើសិនជាសេចក្តីស្នើច្បាប់នេះ នឹងអនុម័តក្នុងរដ្ឋសភានោះមែន មេដឹកនាំគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន នឹងត្រូវប្រឈមនឹងការរារាំងមិនអោយធ្វើនយោបាយបន្តទៀតឡើយ។
កម្ពុជាមិនមែនមានតែគណបក្សសង្គ្រោះជាតិតែមួយជាគណបក្សប្រឆាំងនោះទេ។ នៅក្នុងពេលបោះឆ្នោតឆ្នាំ ២០១៣ កម្ពុជាមានគណបក្សចំនួន៨ បានចូលរួមក្នុងការបោះឆ្នោតសកល។ សេចក្តីរាយការណ៍បានបង្ហាញថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏មានគណបក្សថ្មីបង្កើតយ៉ាងហោចចំនួន ១១ទៀតផងដែរ ដែលនាំអោយចំនួន គណបក្ស នយោបាយកាន់តែកើនឡើង ជាពិសេសក្នុងពេលដែលកម្ពុជា ត្រៀមចូលរួមការ បោះឆ្នោតនាពេលខាងមុខនេះ។