កិច្ចប្រជុំត្រួតពិនិត្យរៀបចំផែនការថតរូបគ្រួសារ ក្រីក្រនៅ ឃុំឈូកស និង ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំងៈនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលខេត្ត សម្រាប់ការងារ អត្តសញ្ញាណកម្មគ្រួសារ ក្រីក្របានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការប្រជុំរៀបចំផែនការថតរូបគ្រួសារក្រីក្រនៅឃុំឈូកស និង នៅ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ដែលមានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួលថ្នាក់ខេត្ត សម្រាប់ការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកស្រី មែ បុប្ផា អភិបាលរងស្រុកកំពង់ត្រឡាច មន្ត្រីសម្របសម្រួល និងមន្ត្រីថតរូបអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកមេឃុំឈូកស និងលោកមេឃុំសែប មេភូមិ និងប្រជាពលរដ្ឋ ៦២គ្រួសារ។

ឯកឧត្តម អម សុភា បានវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណដល់អាជ្ញាធរឃុំដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងបានខិតខំ អភិវឌ្ឍន៍មូលដ្ឋាន ធ្វើអោយជីវភាពប្រជាពលរដ្ឋប្រសើរឡើង នេះបើតាមទិន្នន័យគ្រួសារក្រីក្រ ដែលមានការថយចុះជាលំដាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី សម្តេចតែងតែ យកចិត្តទុកដាក់ខ្ពស់ លើជីវភាពប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសគ្រួសារក្រីក្រ ដែលរាជរដ្ឋាភិបាលបានបង្កើតនូវប្រព័ន្ធគាំពារសង្គម ដើម្បីលើកស្ទួយជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើអោយអាជ្ញាធរដែនដីបន្ដផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺកូវីដ១៩ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្ដរក្សាអនាម័យ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ឍនិងសំណូមពរឱ្យប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រចូលរួមថតរូប អោយបានគ្រប់ៗគ្រួសារ ដើម្បីបានរូបដាក់លើប័ណ្ណសមធម៌ ងាយស្រួលពេលទៅទទួលសេវា ៕