កម្ពុជាកំពុងរៀបចំរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ


ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកប្រុក ណូវីដា ប្រធាននាយកដ្ឋានផែនការ តំណាងលោក ច្រៀង ផល័ក្ខ អគ្គនាយករងនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ(Videoconference) ស្តីពីការរៀបចំរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ មន្ត្រីតំណាងមកពីក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលធាតុចូលពីគ្រប់ស្ថាប័នពាក់ព័ន្ធសម្រាប់រៀបចំរបាយការណ៍ “បច្ចុប្បន្នភាពទាក់ទងនឹងការចូលរួមរបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ” សំដៅឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងបានទាន់ពេលវេលាកំណត់។

គួរកត់សម្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមមួយសម្រាប់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដែលសមត្ថភាពធនធានមនុស្ស ថវិកា និងបច្ចេកទេសនៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយធ្វើជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសក្នុងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះកម្ពុជាបានបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព យុទ្ធសាស្ត្រចតុកោណ ផែនការអភិវឌ្ឍន៍ជាតិ និងបានរៀបចំយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣ផងដែរ ៕