សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ដែលបានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី គី តិច បានសម្រេចចិត្តទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ដែលបានចោទប្រកាន់ថា «គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» ចំនួនកន្លះលានដុល្លារ ឬ២០០០លានរៀល។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការប្តឹងលោក គឹម សុខ ទាមទារសំណងកន្លះលានដុល្លារ​ ហើយស្នើសមត្ថកិច្ចតាមដានឲ្យជាប់កុំឲ្យរត់គេចខ្លួន។

សម្តេចនាយករដ្ឋមន្រ្តី​ បានបញ្ជាក់នៅក្នុងវេទិកាសាធារណៈនោះថា ការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាជាឃាតកសម្លាប់លោក កែម ឡី គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមកលើ គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោក គឹម សុខ កុំឲ្យចោទប្រកាន់សម្តេចថា ប្រើប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ឲ្យសោះ។ សម្តេចបញ្ជាក់ថា បើមិនប៉ះពាល់ និងចោទប្រកាន់សម្តេច ក៏មិនមានអ្នកប៉ះពាល់នោះដែរ។

លោក គី​ តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពាក្យបណ្តឹងប្តឹងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ចោទប្រកាន់ថា «គណបក្ស ប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» បានចូលជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកមេធាវី គី តិច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យបណ្តឹងលោក គឹម សុខ នេះ សម្តេចតេជោ ហ៊ុន សែន ប្តឹងទាមទារ២០០០លានរៀល, សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាបានប្រគល់សិទ្ធពេញលេញ ជូនខ្ញុំដើម្បីដាក់ពាក្យបណ្តឹងលោក គឹម សុខ អ្នកវិភាគ ដែលបាននិយាយ នៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ ពាក្យបណ្តឹងបានដាក់ចូល ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ​រួចរាល់ហើយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ»។

នៅក្នុងពាក្យបណ្តឹងបានសរសេរថា៖ «វេទិកាដែលរៀបចំឡើងដោយវិទ្យុអាស៊ីសេរីខាងលើនេះ ត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះ វាគ្មិនឈ្មោះ គឹម សុខ ពិតជាបានប្រព្រឹត្តអំពើដោយចេតនានេះឡើង ក្នុងគោលបំណងចោទប្រកាន់ មូលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុលទៅលើ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ អំពើនេះពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិស័ព្ទ និងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបញ្ជាក់អំពីចេតនាទុច្ចរិតបង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឲ្យកើតមានចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល»។

ក្នុងនាមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន សុំប្តឹងដូចខាងក្រោម, ទី១៖ សុំឲ្យតុលាការផ្តន្ទាទោសលើឈ្មោះ គឹម សុខ តាមផ្លូវច្បាប់, ទី២៖ ទាមទារឲ្យឈ្មោះ គឹម សុខ សងសំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន២០០០លានរៀល៕ ​