សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បន្តទទួលអំណោយមនុស្សធម៌ សំរាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការរាតត្បាត ជម្ងឺកូវីដ-១៩


ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ដេប៉ូលក់គ្រឿងសំណង់ ចុង ហ្វូវ(Zhong Fu) និងសហការី បាននាំយកអំណោយមនុស្សធម៌ជា អង្ករចំនួន២តោន និង ម៉ាស់៤០០០ម៉ាស់ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់ចាត់ចែងក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានថ្លែងអំណរគុណ ចំពោះកាយវិការសប្បុរសធម៌ របស់លោក តាំង សុខឃី និងសហការី និងលោកជំទាវ វណ្ណ លុយ និងសហការី បានបរិចាគធនធាន ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូននៅពេលនេះ គឺជាការរួមចំណែកនូវសកម្មភាពមនុស្សធម៌នានា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិនានា និងប្រជាពលរដ្ឋទូទៅ ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩នេះ។
ឯកឧត្តមបានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ប្រើប្រាស់អោយចំគោលដៅ ដោយប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។