ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ននាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តជូនប្រជាពលរដ្ឋ រងគ្រោះប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងស្រុកដងទង់ខេត្តកំពត


ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្រធានគណៈកម្មការទី១០នៃរដ្ឋសភា និង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អមដំណើរដោយឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវ លោក លោកស្រី សមាជិកសភាមណ្ឌលកំពត សមាជិករាជរដ្ឋាភិបាល និង សមាជិក សមាជិកាសាខា អនុសាខា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តរួមនិងអាជ្ញាធរ ក្រុម ស្រុក ។ នៅព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ បានអញ្ជើញចុះនាំយកនូវអំណោយ មនុស្សធម៌សាខាកាកបាទក្រហមខេត្ត រួមមានគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីផ្ដល់ជូន ដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែង ចំនួន១២១គ្រួសារ មកពីឃុំចំនួន៤នៃស្រុកដងទង់ខេត្តកំពត។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង១២១គ្រួសារនាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ អំបិល២គីឡូ ទឹកសុទ្ធ១យួរ ទឹកក្រូច១កេស ម្រេចម៉ដ្ឋ១កញ្ចប់តូច។ដោយឡែកអំណោយថវិកាផ្ទាល់របស់ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នជូនចំពោះសម្រាប់គ្រួសាររលំផ្ទះទាំងស្រុកចំនួន ១៣គ្រួសារទទួលបានថវិកា៥០ម៉ឺនរៀល គ្រួសារ ខូចខាតផ្ទះកម្រិតមធ្យមចំនួន៨៤គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល និងគ្រួសារប៉ះពាល់តិចតួចចំនួន ២៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា៥ម៉ឺនរៀល។
ព្រមទាំងបានជូនថវិកាដល់យុវជនកាកបាទចំនួន១១នាក់ អ្នកស្ម័គ្រចិត្តកាកបាទចំនួន៥នាក់ ប្រជាការពារចំនួន ១៥ នាក់និងកងកម្លាំងប្រដាប់អាវុធ ចំនួន៥១នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ ម៉ឺនរៀលស្មើគ្នា។