កម្ពុជា មិនឲ្យតម្លៃដាច់ខាត ចំពោះកាសែតគ្មានព្រំដែនបរទេស ដែលវាយតម្លៃទម្លាក់ សេរីភាពសារព័ត៌មានកម្ពុជា


ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការមិនពេញចិត្ត និងមិនឲ្យតម្លៃជាដាច់ខាត ចំពោះអ្នកការសារព័ត៌មាន គ្មានព្រំដែនរបស់បរទេសមួយ ដែលបានវាយតម្លៃ សិទ្ធិសេរីភាពសារព័ត៌មាន កម្ពុជា កាលពីពេលថ្មីៗនេះ ពីលេខរៀង១៤៣ មកលេខរៀង ១៤៤នោះទេ ។

ក្នុងវេទិកាលតុមូលស្ដីពី “សេរីភាពសារព័ត៌មាននៅកម្ពុជា” នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា “ខ្ញុំរាជរដ្ឋាភិបាល នៅតែពង្រឹងកិច្ចការគាំទ្រ របស់យើងទាំងអស់គ្នានេះឯង ដូច្នេះអ្វីដែលលើកឡើងរបស់ អ្នកសារព័ត៌មានគ្មានព្រំដែន របស់បរទេស ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនឲ្យតម្លៃទេ ព្រោះយើងខំប្រឹងប្រែងគ្នាយើង ដើម្បីលទ្ធផលរបស់យើង ក៏ដូចជាផលប្រយោជន៍របស់ជាតិយើង យើងអត់មានធ្វើដើម្បីចងបានតួលេខ​ ថ្នាក់ដែលគេដាក់ឲ្យយើងនោះទេ យើងធ្វើដើម្បីសុខដុមរមនា ហើយនិងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋខ្មែររបស់យើង” ។

ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មានមិនមែន មានប័ណ្ណព័ត៌មានមួយ ធ្វើអ្វីបានស្រេចតែចិត្តនោះទេ។

ឯកឧត្តមបន្ថែមថា “ដូច្នេះក៏សូមអំពាវនាវ ដល់អ្នកសារព័ត៌មាន ទាំងអស់មិនមែនបានន័យថា យើងមានប័ណ្ណមួយជាអុ្នកសារព័ត៌មាន យើងមានសេរីភាព ធ្វើអីបានស្រេចតែចិត្តអីទេ ពីព្រោះយើងទាំងអស់គ្នា គោរពច្បាប់ទាំអស់គ្នា ហើយកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន គឺជាអ្នកសុទ្ធតែប្រជាពលរដុ្ឋ ដូចអ្នកដទៃទៀត ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើងត្រូវទទួលខុសត្រូវ ក្នុងកិច្ចការពារកសាងប្រជាជាតិយើង ស្មើរៗគ្នា តាមសមធម៌របស់យើង មិនមែនអ្នកសារព័ត៌មាន នៅក្រៅច្បាប់ទេ គឺយើងនៅក្នុងច្បាប់មួយទាំងអស់គ្នា ហើយខាងអង្គភាពយើង”។

ទាក់ទងជាមួយបញ្ហា អ្នកសារព័ត៌មាន មិនពេញចិត្តចំពោះរឿងអ្វីមួយ ហើយអ្នកនាំពាក្យរាជរដ្ឋាភិបាល អនុញ្ញាតឲ្យធ្វើរបាយការណ៍ ដាក់មកអ្នកនាំពាក្យដើម្បីដោះស្រាយ ឲ្យនោះលោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមាន អ្នកសារព័ត៌មានណាម្នាក់ ធ្វើរបាយការណ៍ដាក់មកឡើយ។

អ្នកនាំពាក្យបន្ថែមថា “ទទួលស្គាល់ ឥលូវយើងកំពុងហ្វឹងហ្វឺនអ្នកនាំពាក្យ ដើម្បីឲ្យលោកទទួល ឆ្លើយតបអំពីសិទ្ធិសេរីភាព របស់អ្នកសារព័ត៌មាន ពីព្រោះព័ត៌មានមិនអាចទុកស្អែកបានទេ អាស្រ័យហេតុដូច្នេះហើយ យើងកំពុងតែបន្តហ្វឹងហ្វឺនបន្តទៀត វគ្គទី១ យើងអញ្ជើញអ្នកនាំពាក្យ មកជួបអ្នកសារព័ត៌មាននៅកន្លែង ហើយយើងបានផ្ដល់នូវ លេខទូស័ព្ទរបស់អ្នកនាំពាក្យ ក៏ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯងទេ ដែលអត់បានបំពេញភារកិច្ច របស់ខ្លួនឯង ខ្ញុំតែងតែថា បើសិនជាទូស័ព្ទទៅគេអត់លើកប៉ុន្មានដង ធ្វើរបាយការណ៍មកដល់នេះ ឥឡូវយើងមួយឆ្នាំហើយអត់ទាន់បានទទួល ការតវ៉ា ឬការមិនសប្បាយចិត្ត ពីអ្នកសារព័ត៌មានទេ។ ប៉ុន្តែនៅតែទន្ទិញសេរីភាពសារព័ត៌មាន នៅតាមចឹញ្ចើមថ្នល់ទៅវិញ” ៕