ស្ថានទូតចិនប្រចាំកម្ពុជា សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត គោរពជូន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសមានទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន។

តាមរយៈហ្វេសប៊ុកផ្លូវការ របស់ខ្លួនស្ថានទូត បានបញ្ជាក់ថា «យើងខ្ញុំមានអារម្មណ៍ក្ដុកក្ដួលឈឺចាប់ជាខ្លាំង ពេលទទួលដំណឹងមរណភាព របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន។ »

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ស្ថានទូតចិន លើកឡើងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្ដីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌បូជា ចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ឧត្តុង្គឧត្តម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ាបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។

សូមអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕