អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកំណាត់ផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ កាត់តាមមុខព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្ត ប្រវែងជិត៧គីឡូម៉ែត្រ


(សៀមរាប)៖ គម្រោងជួសជុលកំណាត់ផ្លូវ ចាប់ពីចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ កាត់តាមព្រលានយន្តហោះ ប្រាសាទនាងពៅ រហូតដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត មានទទឹង ១០ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេ ទ AC ប្រវែងសរុប ៦,៧១២ម៉ែត្រ ដែលអាជ្ញាធរជាតិអប្សរាបានដំណើរការអនុវត្តចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្រេចការជួសជុលទាំងស្រុងហើយ។

គម្រោងជួសជុលនេះចែកចេញជាបីកំណាត់៖ កំណាត់ទី១ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ មកដល់មុខព្រលានយន្តហោះប្រវែង ២,១៨១ម៉ែត្រ។ កំណាត់ទី២ ចាប់ពីមុខព្រលានយន្តហោះមកដល់មុខប្រាសាទនាងពៅប្រវែង ៩៨៥ម៉ែត្រ។ កំណាត់ទី៣ ចាប់ពីប្រាសាទនាងពៅមកដល់មុខប្រាសាទអង្គរវត្តមានប្រវែង ៣,៥៤៦ម៉ែត្រ។

ផ្លូវនេះផ្តល់នូវសក្តានុពលច្រើនសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុង/ក្រៅខេត្តសៀមរាប ការដឹកជញ្ជូន សុវត្ថិភាព និងចំណេញពេលវេលា ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនានៅក្នុងរមណីយដ្ឋានអង្គរ៕