ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលជាប្រធាន អនុប្រធានមន្ទីរមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យវិសាខបូជា នៅវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ឡាំ បានថ្លែងនូវក្តីរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមធ្វើបុណ្យ ដែលជាពិធីបុណ្យសាសនាមួយក្នុងចំណោមបុណ្យសាសនានានាដែលប្រជាពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែពិសាខ។
ឯកឧត្តម បានបញ្ជាក់ថា ថ្ងៃនេះបងប្អូនពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លារួមគ្នា ដោយសារយើងមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ ធ្វើបុណ្យដោយចិត្តជ្រះថ្លា ហើយបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូនៃយើង ជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត្រ បានត្រាស់ដឹង និងជាថ្ងៃដែលទ្រង់បានចូលបរិនិព្វានផងដែរ។
ឯកឧត្តមក៏បានប្រសិទ្ធពរជ័យជូនពរដល់បងប្អូនជនរួមជាតិក្នុងខេត្ត ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕