ឯកឧត្តម អ៊ុន ចាន់ដា៖ ពលករមកពីក្រៅប្រទេសជាង៣.០០០នាក់ បានផុតចត្តាឡីស័គ ១៤ថ្ងៃ នៅតាមផ្ទះ


កំពង់ចាម៖ គិតត្រឹមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២០ ខេត្តកំពង់ចាម មានពលករ ពលការិនី ពីក្រៅប្រទេសមកស្រុកកំណើត ចំនួន ៣.០២៤ នាក់ បានរួចផុតពីចត្តាឡីស័ក ចំនួន១៤ ថ្ងៃ។ គឺអនុញ្ញាតឱ្យុចេញក្រៅផ្ទះធ្វើទំនាក់ទំនងជាមួយបងប្អូនមិត្តភក្តិ ឬធ្វើដំណើរទៅកាន់ទីប្រជុំនៅក្នុងខេត្តបានហើយ។ នេះជាការថ្លែងឱ្យដឹងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តនៅក្នុងខេត្ត ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា បញ្ហាជំងឺឆ្លងកូវីដ.១៩ បើទោះជាក្នុងក្របខណ្ឌខេត្តកំពង់ចាម បានព្យាបាលអ្នកជំងឺបានជាសះស្បើយទាំង១៦នាក់ហើយ។ក្នុងក្របខណ្ឌទូទាំងប្រទេសមានអ្នកជំងឺនេះចំនួន១២២នាក់ គឺបច្ចុប្បន្នគ្រូពេទ្យ បានព្យាបាលជាចំនួន១២០នាក់ក៏ដោយ ក៏យើងនៅតែមានការព្រួយបារម្ភដដែល។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩ បានបន្តថា យើងត្រូវព្រួយបារម្ភជំងឺនេះវាអាចកើតឡើងវិញដែលហៅថាជា«រលកទី២»។ដោយស្ថានភាពបណ្តាលមកពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋនិងមន្ត្រីរបស់យើង គឺមិនបានការពារអាងថាអស់មានអ្នកជំងឺហើយរស់នៅគ្មានអនាម័យការទំនាក់ទំនងកាន់តែជិតស្និទ្ធិ នៅជិតគ្នា។

ឯកឧត្តម បានបន្ថែមថា ការនេះទាមទារឱ្យមន្ត្រីរបស់យើងត្រូវបន្តផ្សព្វផ្សាយ និងអប់រំនៅតាមសហគមន៍ ឬចុះតាមខ្នងផ្ទះប្រាប់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលជាពលករពលការិនីដែលមានកត្តាពីរធ្វេសប្រហែសខាងក្នុង និងកត្តាធ្វេសប្រហែសខាងក្រៅ ដែលនឹងបណ្តាលឳ្យមាន«រលកទី២» នៃជំងឺកូវីដ.១៩ ដូចប្រទេសសិង្ហបុរី។

ឯកឧត្តមបានបន្តថា រលកទី១យើងដឹងហើយថាជំងឺនេះឆ្លងតាមរយ:ការនាំចូលពីខាងក្រៅប្រទេស ។ដូច្នេះក្នុងក្របខណ្ឌខេត្តយើងនៅតែបន្តរក្សាការអប់រំការផ្សព្វផ្សាយពីវិធានការអនាម័យវិធានការការពារដល់ប្រជាពលរដ្ឋ។ ដោយបន្តគ្រប់គ្រងពលករមកពីក្រៅប្រទេស គឺបច្ចុប្បន្នមានចំនួន ៣.១០៤ នាក់។
ក្នុងនោះបានឱ្យធ្វើចត្តាឡីស័កទាំងអស់ ក្រោយពីពិនិត្យសុខភាពរួច គឺមកដល់ថ្ងៃទី ៧ ខែឧសភា នេះពួកគាត់ជាពលករពលការិនីចំនួន ៣.០២៤ នាក់បានផុតចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងនៅចំនួន ៧៨ នាក់ផ្សេងទៀតកំពុងធ្វើចត្តាឡីស័ក៕