សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សា ដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា ដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។

កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅ ដោយមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធជាច្រើនផងដែរ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា តាមសំណើរបស់ ឯឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែន នៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន។

សម្ដេចក្រឡាហោម បានបន្ថែមថា តាមរយៈជំងឺ កូវីដ-១៩ ដែលយើងកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែយើងមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺយើងបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន៕