អាជ្ញាធរ​ខេត្តកំពង់ចាម​ បេីក​កិច្ច​ប្រជុំ​ ពិភាក្សា​​ដំណើរនាំ​ឲ្យ​រីកចម្រើន​ នៃ​ការ​​សាងសង់​ខឿន​ច្រាំង​ទន្លេ​មេគង្គ​


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំ​ឲ្យ​រីកចម្រើន នៃគម្រោង​អភិវឌ្ឍន៍​សាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេ​ ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែល​បាន​ធ្វើឡើង​នៅ​សាលាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០២០​​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយមានការចូលរួមពី​ លោក​ លោកស្រី​ អភិបាលរងខេត្ត ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពពាក់ព័ន្ធ​ និង​អាជ្ញាធរ​ក្រុង​-ស្រុក​ពាក់ព័ន្ធ​ផងដែរ​។

គួរ​រំលេច​ផងដែរ​ថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុងកំពង់ចាម ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​ ក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានកំពុងសិក្សាគម្រោង សាងសង់ខឿនច្រាំងទន្លេ​ ចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរ​ នាពេល​កន្លង​មក​ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញឲ្យក្រុមហ៊ុនម៉ៅការ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងសិក្សាបច្ចេកទេស​ ឲ្យបានច្បាស់លាស់ ក្នុងការសាងសង់​ខឿនច្រាំងទន្លេ ដោយមានគុណភាពរឹងមាំល្អ សម្រាប់ជា​របាំង​ការពារទឹកជំនន់ទន្លេមេង្គ ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ជំរុញ​ដល់​ក្រុមហ៊ុនម៉ៅការ​ ឲ្យ​ធ្វើ​ការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណា ឲ្យការសាងសង់ច្រាំងទន្លេនេះ រួចមុនរដូវទឹកឡើងនាពេលខាងមុខនេះ​ផងដែរ​ ៕