រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ២នាក់ ដែលព្យាបាលយូរជាងគេដោយសារ អ្នកជំងឺមានជំងឺទឹកនោមផែ្អម និងអ្នកជំងឺម្នាក់ទៀត មានជំងឺផ្លូវចិត្ត


ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលព្យាបាលយូរជាងគេដោយសារ អ្នកជំងឺម្នាក់នៅខេត្តកំពង់ឆ្នាំង អាយុ៧៥ឆ្នាំ មានជំងឺទឹកនោមផែ្អម លើសឈាម និងអ្នកជំងឺម្នាក់ទៀត អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត។

ការថ្លែងបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងវេទិកាសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានបន្តអះអាងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែលកំពុងព្យាបាលយូរជាងគេនោះ ពេលនេះត្រូវបានបញ្ជូនពីខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង មកកាន់មន្ទីពេទ្យខ្មែរសូវៀត ហើយសង្ឃឹមថាពួកគាត់នឹងជាសះស្បើយឆាប់ៗនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់ នៅសល់អ្នកជំងឺកូវីដ២នាក់ទៀត៕