បទយកការណ៍ពិសេស៖ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាចំណងមិត្តភាពកម្ពុជា-ចិន ផ្តល់ការរស់នៅបែបថ្មីដល់ពលរដ្ឋខ្មែរ


(កំពង់ចាម-ត្បូងឃ្មុំ)៖ ទន្លេមេគង្គដែលហូរកាត់ដែនដីកម្ពុជាប្រវែងប្រមាណ ៤២០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន៦ និងគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២.៦លានគីឡូម៉ែត្រការ៉េ។ ទន្លេមេគង្គជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការទាញយកទឹកមកស្រោចស្រប់ដំណាំ ធ្វើស្រែចំការ និងជាប្រភពមច្ឆាសម្រាប់ចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែរ។ តែទន្ទឹមការផ្តល់ប្រយោជន៍ដ៏មហាសាលទន្លេមេគង្គដ៏វែងនេះ ក៏ជារណាំងឃាំងខណ្ឌដែនដីកម្ពុជា និងនាំមកនូវការលំបាកក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតសម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេផងដែរ។

ស្រុកក្រូចឆ្មារ ជាស្រុកមួយស្ថិតនៅតាមបណ្ដោយទន្លេមេគង្គនៃខេត្តត្បូងឃ្មុំ ប្រជាជនភាគច្រើនប្រកបរបរនេសាទ និងធ្វើស្រែចំការ។ រៀងរាល់ថ្ងៃប្រជាពលរដ្ឋនៅទីនោះតែងតែនាំត្រី បន្លែ ផ្លែឈើ ទៅលក់នៅផ្សារក្នុងទីរួមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយធ្វើដំណើរតាមទូកតូចៗ ទូកដរ ហើយទើប៣ឆ្នាំចុងក្រោយនេះ មានស្រឡាងជួយចម្លងជំនួសវិញ។

បើនិយាយពីការធ្វើដំណើរតាមទូកតូចៗ ឬទូកដរ ឆ្លងទៅស្រុកស្ទឹងត្រង់ពលរដ្ឋនៅទីនោះបានឲ្យដឹងថា ពេលឆ្លងទូកដើម្បីយកត្រី បន្លែ ផ្លែឈើទៅលក់ម្ដងៗ តែងតែជួបបញ្ហាលំបាកជាច្រើនក្នុងការធ្វើដំណើរជួនត្រូវលិចទូកកណ្ដាលទន្លេក៏មាន ជូនខ្យល់ភ្លៀងខ្លាំង មិនអាចជិះទូកឆ្លងទៅបានក៏ត្រូវបង្ខំចិត្តទុកទំនិញទាំងនោះមិនបានលក់ដូរ ខាតប្រាក់ដើមក៏មាន។ ពេលខ្លះមានអ្នកភូមិឈឺកណ្ដាលយប់ ឬស្រ្តីមានផ្ទៃពោះត្រូវសម្រាលជាដើម ត្រូវបង្ខំចិត្តជួលទូកដរក្នុងតម្លៃថ្លៃឆ្លងទន្លេ ដើម្បីជួយសង្គ្រោះជីវិត។

អ្នកស្រី ច្រិច សាអែម ជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងភូមិក្តុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារតាំងពីដូនតាមក។ អ្នកស្រីរៀបរាប់ថា ទឹកដីកំណើតរបស់អ្នកស្រីហាក់បីដូចជាកោះមួយនៅដាច់ពីគេខណ្ឌចែកដោយទន្លេដ៏ធំមួយ។ ស្រ្តីវ័យ ៤៣ឆ្នាំ ជាអ្នកលក់ដូរបន្តិចបន្តិចបន្តួចនៅផ្ទះខាងលើ បានបន្ថែមទៀតថា ដោយសារស្រុកអ្នកស្រីនៅឆ្ងាយពីស្ពានគីហ្សូណា ហេតុដូចនេះហើយទើបអ្នកស្រុកតែងនាំគ្នាធ្វើដំណើរឆ្លងទន្លេមេគង្គតាមទូកដរតូចៗ។

អ្នកស្រី ច្រិច សាអែម បញ្ជាក់យ៉ាងដូច្នេះ៖ «ពិបាកមែនទែននៅពេលយើងឆ្លងទូកតូចពេក យើងភ័យព្រួយ ពិបាកខ្លាំងបំផុតតែម្ដង ជាធម្មតាយើងនៅតាមទន្លេពិបាកណាស់ ពិបាកច្រើនហ្មង។ កន្លងមកធ្លាប់មានករណីលិចទូក ជួនកាលនៅពេលដែលយើងឆ្លង (ទន្លេ) មេឃរកភ្លៀងរកអី ប៉ុន្តែដំណើរត្រូវទៅហើយ គឺត្រូវតែទៅ ដល់ទៅបានពាក់កណ្ដាលអីវាមានខ្យល់វាមានរលកធំៗពិបាកណាស់»

ក្រៅពីប្រឈមគ្រោះថ្នាក់ ការជិះទូកឆ្លងទន្លេក៏ត្រូវចំណាយប្រាក់អស់ច្រើននាំឲ្យការចំណាយថ្លៃដើមក្នុងការនាំទំនិញយកទៅលក់នៅទីផ្សារកាន់តែកើនឡើង ដែលធ្វើឲ្យពលរដ្ឋបាត់បង់ប្រាក់ចំណូល។ មិនតែប៉ុណ្ណោះបើសិនជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមទន្លេហើយត្រឡប់មកវិញមិនទាន់ គឺត្រូវម៉ៅទូកដើម្បីធ្វើដំណើឆ្លងមកផ្ទះវិញដែលត្រូវចំណាយអស់៦ម៉ឺនបន្ថែម បើមិនដូច្នេះទេពលរដ្ឋត្រូវបង្ខំចិត្តសម្រាកនៅត្រើយម្ខាងសិន រង់ចាំព្រឹកទើបមានអ្នកដំណើរឆ្លងកាត់បន្ត។

លោក រ៉ សាទ ពលរដ្ឋខ្មែរឥស្លាម រស់នៅក្នុងភូមិក្តុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងដូច្នេះ «កាលដំបូងដើមឡើយបង្អស់ជិះទូក ទូកដរចែវ ជាអ្នកស៊ីឈ្នួលជិះទូកចំឡងពលរដ្ឋនៅទីនេះ ជាអ្នករកស៊ីត្រី ហើយកាលហ្នុងទូកនៅមិនទាន់មានម៉ាស៊ីនៅឡើយទេ។ ក្រោយមកក៏មានទូកដរដែលមានទំហំធំជាងមុន អាចដាក់ម៉ូតូ និងមនុស្សឆ្លងកាត់បានច្រើន ប៉ុន្តែឡានមិនទាន់ឆ្លងបានទេ ហើយមកពេលនេះមានស្រឡាង។ ជិះទូកដរទៅមកអស់៥ពាន់រៀល ហើយនៅហូបចុកទៀត គឺកាន់តែច្រើន ដែលនាំឲ្យកាត់បន្ថយប្រាក់ចំណេញ»

ជីវិតអ្នករស់នៅក្នុងតំបន់ក្បែមាត់ទន្លេ មិនមានស្ពានឆ្លងកាត់ ក្រៅពីពិបាកក្នុងការប្រកបអាជីវកម្មហើយនោះ ការស្វែងរកសេវាសុខភាពក៏ជាការប្រឈមមួយផងដែរ។ លោកគ្រូពេទ្យ សំធឿន ធិរិទ្ធ ដែលបានបើកគ្លីនិកឯកជនផ្ទាល់ខ្លួនមួយនៅជិតកំពង់ចម្លងត្រើយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា «ភាគច្រើនអ្នកខាងនោះមកខាងនេះច្រើនព្រោះផ្សារនៅខាងនេះ បើគាត់ចង់ទិញទំនិញគាត់ត្រូវមកខាងនេះ។ ផលលំបាកមួយទៀត ពេលខ្លះគាត់ឈឺនៅផ្ទះរៀងខ្លាំងហើយ តែនៅចាំដរសិន ហើយអ្នកខ្លះពេលគាត់ឆ្លងដរមក អាចប្រកាច់ ឬសន្លប់នៅកំពង់ដរក៏អាចមានដែរ ព្រោះត្រូវចំណាយពេលចាប់ពីកន្លះម៉ោងទៅមួយម៉ោង។ ជួនកាលជំងឺរបស់គាត់ដែលបន្ទាន់ហើយយើងគិតថាអាចងាយស្រួលព្យាបាល នៅពេលខ្លះដោយសារយឺតយ៉ាវប្រហែលកន្លះម៉ោងអីអាចធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរ»

ដើម្បីបិទបញ្ចប់ទុកលំបាករបស់ប្រជាពលរដ្ឋនៅរស់នៅដងទន្លេក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏ដូចជាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់។ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ស្ពានជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបភាពរួមគ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស្យុងព័រ អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

ស្ពាននេះមានប្រវែងសរុប ១ ,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពាន បេតុង សរសៃ ដែក (Continues Box Girder bridge)។ ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់ កំណាត់ ផ្លូវតភ្ជាប់សងខាងស្ពានសរុបប្រវែង ៨,៣២៣ម៉ែត្រផងដែរ។ គិតត្រឹមចុងខែមីនា ឆ្នាំ២០២០ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់ និងសម្រេច បាន ប្រមាណ៩០ភាគរយ បើទោះជាមានឧបសគ្គលើបញ្ហាជំងឺCOVID-19ក្ដី។ ស្ពានឆ្លងទន្លេ ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១។

ស្ពានឆ្លងកាត់ទន្លេមេគង្គមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group) ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់ស្ពានធំៗ៣នៅកម្ពុជារួចមកហើយរួមមានស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ, ស្ពានមិត្តភាពកម្ពុជា-ចិនសេកុង ខេត្តស្ទឹងត្រែង និងស្ពានមិត្តភាពកម្ពុជា-ចិនព្រែកតាមាក់។ ការសង់ត្រូវបានធ្វើឡើងដោយកម្មកជាជនជាតិខ្មែរប្រមាណ ១៩០នាក់ និង ប្រមាណ ៩០នាក់ទៀត ជាវិស្វករ និងជាក្រុមបច្ចេកទេសសាងសង់ជាជនជាតិចិន នៅចាំ ត្រួត ពិនិត្យ ជាប់ជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ក្រុមការងារផលិតព័ត៌មានរបស់ទូរទស្សន៍ Fresh News ត្រូវបានក្រុមសាងសង់ស្ពាន អនុញ្ញាត ឱ្យ ចុះ ទៅសាកសួរ និងស្វែងយល់ពីដំណើរការសាងសង់ស្ពាននេះដោយផ្ទាល់។ នៅក្រោម កម្តៅ ថ្ងៃដ៏ក្តៅគេបានឃើញក្រុមកម្មករសំណង់ជាជនខ្មែរជាច្រើននាក់ធ្វើការដោយយកចិត្តទុកដាក់ទៅតាមផ្នែក ទៅតាមជំនាញរបស់ពួកគេ។

លោក ឈិន ហោជា (Chen Haojie) វិស្វករទទួលបន្ទុកត្រួតពិនិត្យការសាងសង់ ស្ពានមិត្តភាព កម្ពុជា -ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានជូនក្រុមការងារផលិតព័ត៌មានដើរពិនិត្យមើលការងារ នៅតាម ការ ដ្ឋានសំណង់នីមួយៗ និងបានរៀបរាប់យ៉ាងលំអិតពីដំណើរការសាងសង់ស្ពាននេះ។

លោក ឈិន ហោជា បានរៀបរាប់ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មិនលំបាកនោះទេបើធៀបជាមួយស្ពានឆ្លងកាត់ទន្លេ៣ផ្សេងទៀត ដែលក្រុមហ៊ុន បានសាងសង់ រួច ហើយនោះ។ ប៉ុន្តែស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវធ្វើគ្រឹះសសរជ្រៅជាងស្ពាន៣កន្លងទៅ ដោយ មានជម្រៅរហូតដល់ទៅប្រមាណ ១០៣ម៉ែត្រ ព្រោះតែបាតទន្លេនៅតំបន់ នោះដីខ្សាច់ ច្រើន ។

លោក ឈិន ហោជា ក៏បានអះអាងពីការយកចិត្តទុកដាក់ក្នុងការសាងសង់ស្ពានមួយនេះផងដែរ ដើម្បីធានាគុណភាពជាប់បានយូរ និងរឹងមាំល្អ។ ដើម្បីធានាបាននូវគុណភាពរបស់ស្ពាន ក្រុម វិស្វករ របស់ក្រុមហ៊ុន ក៏ដូចជាតំណាងក្រសួងសាធារណៈការ និងក្រុមហ៊ុនប្រឹក្សា តែងតែត្រូត ពិនិត្យ ដំណើរការសាងសង់ជាប្រចាំ ក្នុងរយៈពេល១ខែម្ដង។

លោក ឈិន ហោជា បញ្ជាក់ដូច្នេះថា៖ «មុនពេលដែកស៊ីម៉ង់តិ៍ចូលការរដ្ឋាន យើងមាន ការត្រួត ពិនិត្យ មើល ដើម្បីធានាថាគុណភាពដែក និងសីម៉ង់តិ៍នោះ ពិតជាត្រឹមត្រូវតាមបច្ចេកទេស។ មួយវិញ ទៀតនៅពេលផ្សារដែក និងចងដែក ក៏ត្រូវមានការពិនិត្យគុណភាពដែរ ដើម្បីធានា ថា ដែក ពិតជារឹងមាំតាមបច្ចេកទេស។ ចំណែកឯប្រវែងស្ពាន ទទឹងស្ពាន គឺត្រូវធ្វើទៅតាមប្លង់ ដែល បាន កំណត់។ ជាមួយគ្នានេះពេលធ្វើការ គឺយើងត្រូវតាមពិនិត្យ បង្រៀនកម្មករខ្មែរជានិច្ច ឲ្យចេះ បច្ចេក ទេស ដើម្បីអាចសង់ស្ពានដោយខ្លួនឯងបាននៅពេលអនាគត ហើយយើងក៏ធ្វើតាម ការ កំណត់ របស់ប្លង់ ឲ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងបានឆាប់រហ័សជូនដល់ ប្រជា ពលរដ្ឋ ទាំងសងខាងឆាប់បានប្រើប្រាស់»

បច្ចុប្បន្នស្ពានស្ទឹងត្រង់-ក្រូចឆ្មារសាងសង់បានជាងពាក់កណ្តាលទន្លេហើយ គេក៏បាន មើល ឃើញ រូបរាង ស្ពានឈរយ៉ាងរឹងមាំលើដងទន្លេបណ្តើរៗផងដែរ។ ប្រជាពលរដ្ឋនៅស្ទឹងត្រង់ និងក្រូចឆ្មារ ដែលជិះស្រឡាងឆ្លងកាត់ទន្លេមេគង្គនោះ តែងតែចោលភ្នែករំពៃមើលទៅ ស្ពាន ដែល មិន ធ្លាប់ មាន នៅ លើ ទឹក ដីរបស់ពួកគេនោះ។

វត្តមានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានធ្វើឱ្យជាពលរដ្ឋដែលធ្លាប់ជួបការលំបាកក្នុងការឆ្លងទន្លេ រំភើប រីករាយយ៉ាងខ្លាំង អ្នកខ្លះរំភើបរហូតស្រក់ទឹកភ្នែកផង។ ពលរដ្ឋស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ចាត់ទុក ស្ពានជាសមិទ្ធផលដ៏មហាសាលមិនអាចកាត់ថ្លៃបានឡើយសម្រាប់ជីវិតរបស់គាត់។ ជាពិសេសពួកគេរំពឹងថា ស្ពាននេះនឹងរួមចំណែកធ្វើឱ្យជីវិតបានកាន់តែប្រសើរឡើង។

អ្នកស្រី ច្រិច សាអែម បានថ្លែងថា «មិនបាច់ដល់ថ្ងៃគេបើកការរដ្ឋានទេ គ្រាន់តែគេមកវាស់ផ្លូវគេមកយកអាចម៍ដីទៅពិសោធន៍ ម្ដងគេថានៅកន្លែងនេះម្ដងគេថានៅកន្លែងនោះ អស់សង្ឃឹមម្ដងគេថាទៅឯណោះហើយ ព្រោះគិតថានៅកន្លែងវាជិតបន្តិច។ តែដល់គេមកវាស់ទៅគេថាត្រូវប្លង់នៅទីនេះហើយ ខ្ញុំអរណាស់ អរតែម្ដងក្នុងចិត្តអរតែម្ដង សប្បាយចិត្តណាស់ ព្រោះថាវាបានជិតផ្ទះ ក្នុងភូមិក្នុងស្រុកហ្នឹងសប្បាយទាំងអស់គ្នាតែម្ដង។ ពេលណាដែលយើងរកស៊ីក្រស្រួល មិនថាយប់ព្រលប់ ឬពេលដែលយើងមកពីណាមក គឺយើងមានផ្លូវឆ្លងកាត់បែបហ្នឹងគឺស្រួល យើងអត់មានប្រើទូកឬកាណូតទៀតទេ»

ពលរដ្ឋខ្មែរ-ឥស្លាមដែលរស់ជួបការលំបាកក្នុងការឆ្លងកាត់ទន្លេវ័យជាង ៥០ឆ្នាំទៅហើយនោះ លោក រ៉ សាទ បានលើកឡើងថា «ពេលដឹងថាមានស្ពានគឺសប្បាយខ្លាំងដែរ សប្បាយត្រង់ថា ពេលទៅណាមកណាយើងមិនចាំបាច់ព្រួយបារម្ភទេ ឧទាហរណ៍ដូចជា ជិះស្រឡាងអីចឹងបើសិនជាខកម៉ោងវាត្រូវដេកផ្លូវ តែបើមានស្ពានពេលទៅណាមកណា ឬទៅចំការអីទោះខកពេលក៏អាចជិះមកដល់ផ្ទះបានមិនចាំបាច់ដេកផ្លូវ ឬម៉ៅស្រឡាងគេទៀតទេ»។

លោកគ្រូពេទ្យ សំធឿន ធិរិទ្ធ៖ «បើនិយាយពីល្អគឺល្អច្រើន ដូចជាពេលនេះស្ពានមិនទាន់បានធ្វើហើយផងតម្លៃដីក៏កាន់តែកើនឡើងហើយ យើងរំពឹងថាសេដ្ឋកិច្ចនៅទីនេះនឹងដើរខ្លាំងជាងមុននៅពេលដែលស្ពានបានធ្វើហើយ។ ដូចបច្ចុប្បន្ន និងពីមុនមកអ្នកនៅប៉ែកខាងនេះងាយស្រួលមករកខ្ញុំ តែប៉ែកខាងនោះ គឺពិបាករៀងឆ្ងាយ បើសិនជាមានស្ពានទៅដូចជាយើងបាននៅជិតគ្នាទាំងអស់ ដូច្នេះទីផ្សារដែលយើងបានគ្របដណ្ដប់គឺបានធំជាងមុន ហើយអ្នកខាងនោះគាត់អាចមកបានរហ័សបានលឿនដូចខាងនេះដែរ អីចឹងសេវាដែលយើងផ្ដល់ឲ្យពួកគាត់ក៏អាចបានទាន់ពេលវេលាដែរ»

ក្រៅពីបង្ហាញក្ដីរំភើបរីករាយក្រោយទទួលបានស្ពានសម្រាប់ឆ្លងកាត់ ប្រជាពលរដ្ឋទាំងសងខាង ទាំងខាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងខាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបង្ហាញនូវការដឹងគុណ និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែខិតខំស្វែងរកជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសកម្ពុជាជានិច្ច រហូតមានការភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែផ្ដល់ជំនួយមកដល់ប្រទេសកម្ពុជា មិនថាជាជំនួយឥតសំណង ឬកម្ចីឥណទានក្ដី ព្រោះរាល់ការផ្ដល់ជំនួយទាំងនោះ គឺបានធ្វើឲ្យពលរដ្ឋកម្ពុជាមានការភិវឌ្ឍន៍ឈានឡើងពីមួយកម្រិតទៅមួយកម្រិត។

អ្នកស្រី ច្រិច សាអែម៖ «សូមអរគុណដល់រដ្ឋាភិបាលកម្ពុជារបស់យើងដែលបានខិតខំកសាងប្រទេសជាតិ និងសុំជំនួយពីប្រទេសចិនមកឲ្យគេជួយដល់មានស្ពានឆ្លងកាត់ខ្ញុំអរណាស់ អ្នកស្រុកអ្នកភូមិគឺសប្បាយទាំងអស់គ្នា។ អរគុណដល់សម្ដេច និងរដ្ឋាភិបាលចិន ដែលបានជួយសហការណ៍គ្នាបានបង្កើតជាស្ពាននេះឡើងឆ្លងកាត់នៅស្រុកក្រូចឆ្មារ»

លោកគ្រូពេទ្យ សំធឿន ធិរិទ្ធ៖ «សម្រាប់ខ្ញុំក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានឧបត្ថម្ភជាស្ពាននេះសម្រាប់ពលរដ្ឋយើងនៅទឹកដីស្ទឹងត្រង់-ក្រូចឆ្មារ ការឧបត្ដម្ភរបស់គាត់ ខ្ញុំជឿជាក់ថានឹងធ្វើឲ្យជីវភាពប្រជាជន ទុក្ខលំបាករបស់ប្រជាជនមួយចំនួនបានល្អប្រសើរឡើងវិញគឺជួយកាត់បន្ថយភាពក្រីក្របានច្រើន។ ហើយខ្ញុំក៏សូមអរគុណដល់សម្ដេចដែលបានផ្សាភ្ជាប់ជាមួយដៃគូល្អៗ ដែលជួយអភិវឌ្ឍន៍ប្រទេសរបស់យើង ដែលគាត់មានទំនាក់ទំនងល្អ និងមានដៃគូដែលនាំឲ្យប្រទេសយើងកាន់តែរីកចម្រើន»