អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការវិលទៅរកជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ត្រូវតែផ្សារភ្ជាប់ជាមួយវិធានការ ៣ចំណុច ក្នុងការការពារជំងឺកូវីដ១៩


លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ការវិលត្រឡប់ទៅរកជីវភាពធម្មតាវិញរបស់ ប្រជាពលរដ្ឋខ្មែរ ត្រូវតែផ្សារភ្ជាប់នូវវិធានការអនាម័យ៣ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ថ្លែងក្នុងសន្និសីទក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ១៩ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការដែលប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់មករកជីវភាពរស់នៅប្រចាំថ្ងៃដូចធម្មតានេះ ត្រូវតែប្រកាន់យកទម្លាប់ថ្មី ដោយភ្ជាប់ទៅនឹងវិធានការ៣ចំណុច ក្នុងនោះរួមមាន៖ ទី១៖​ គឺត្រូវអនាម័យដៃស្អាត ទី២៖ ប្រើប្រាស់ម៉ាសនៅពេលចាំបាច់ ឬមានកន្សែង ក្រមា ពេលកណ្តាស់ និងពេលធ្វើដំណើរ និងទី៣៖ គឺត្រូវអនុវត្តនូវគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល។

ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរមួយចំនួន ចាប់ផ្តើមធ្វើសកម្មភាពធម្មតាឡើងវិញ ដោយអ្នកខ្លះមិនបានការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ទៀតឡើយ បន្ទាប់ពីសង្កេតឃើញថាកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ថ្មីទៀត ខណៈដែលអ្នកជាសះស្បើយ មានចំនួន១២០នាក់ ក្នុងចំណោម១២២នាក់ និងនៅសល់តែអ្នកជំងឺ២នាក់ប៉ុណ្ណោះ កំពុងសម្រាកនៅមន្ទីរពេទ្យ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល​ ក៏បានអំពាវនាវឱ្យពលរដ្ឋកាត់បន្ថយការជួបជុំ ហើយអំពាវនាវឱ្យមានការពន្យារពេល ឬផ្អាកចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត ដែលមានការជួបជុំមនុស្សច្រើន ដែលងាយនឹងចម្លងជំងឺកូវីដ១៩។

លោកជំទាវ​បានបញ្ជាក់ថា ទោះបីជាស្ថានភាពធូរស្បើយ គ្មានអ្នកស្លាប់ មិនមានការឆ្លងថ្មី អ្នកជំងឺជះសះស្បើយសឹងតែ១០០ភាគរយពិតមិន ប៉ុន្តែជំងឺនេះមិនទាន់ចាកចេញពីកម្ពុជានៅឡើយទេ។

ពាក់ព័ន្ធនឹងការវិលត្រឡប់មករកភាពប្រក្រតី នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានផ្តល់អនុសាសន៍ដល់ពលរដ្ឋខ្មែរ ដោយមិនគួរវិលទៅកាន់ជីវភាពប្រចាំថ្ងៃជាប្រក្រតីភ្លាមៗបានទេ ដោយត្រូវធ្វើឡើងជាដំណាក់កាល ដើម្បីការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ ជាពិសេស ចំពោះរលកទី២នៃកូវីដ១៩តែម្តង៕