លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់កូវីដ១៩ កុំឲ្យមានរលកទី២


(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីកុំឲ្យមានរលកទី២ កើតមានឡើងក្នុងប្រទេសកម្ពុជា។

ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ នៅក្នុងធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការដែលយើងរៀបអាពាហ៍ពិពាហ៍ ឬរៀបចំពិធីផ្សេងៗ ក្រសួងសុខាភិបាល នៅតែអំពាវនាវហើយអំពាវនាវទៀត ប្រសិនបើយើងផ្អាកបាន យើងអាចពន្យារពេលបាន វាគឺជាការល្អ។ ដោយសារយើងបានលឺហើយ អង្គការសុខភាពពិភពលោក ទើបតែបានលើកឡើងអម្បាញ់មិញនេះទេ ព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតមានហានិភ័យនៅឡើយទេ យើងមិនទាន់រួចចាកផុតពីការវាយលុកនៃកូវីដ១៩ នៅឡើយទេ។

លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា ថ្វីត្បិតតែ យើងអាចនិយាយបានថារលកទី១របស់យើង យើងគ្រប់គ្រងបានល្អប្រសើរក៏ពិតមែន យើងមិនទាន់រកឃើញករណីថ្មីក៏ពិតមែន អ្នកជំងឺបានជាសះស្បើយពីជំងឺជិត១០០ភាគរយក៏ពិតមែន ហើយយើងមិនមានអ្នកស្លាប់បាត់បង់ជីវិតក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា កូវីដ១៩ បានចាកចេញពីកម្ពុជាហើយនោះទេ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្វីដែលសំខាន់ទៀតនោះ ប្រជាពលរដ្ឋកម្ពុជាយើងត្រូវដឹងថា យើងបានឆ្លងផុតដំណាក់កាលហៅថាហាំមើរ ហើយពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលមួយថ្មីទៀត ហៅថាដាន់ស៍ ដែលជាដំណាក់កាលមួយ ត្រូវចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

លោកជំទាវវេជ្ជបណ្ឌិតថ្លែងរំលឹកថា ពីមុនកម្ពុជាស្ថិតនៅក្នុងដំណាក់កាលហាំមើរមានន័យថា យើងបានដាក់នូវរាល់វិធានការនានា ប្រៀបបីដូចជាយើងដំដែកគោល ម្តងហើយម្តងទៀត រិះរកគ្រប់វិធីទាំងអស់ ធ្វើយ៉ាងម៉េចរកឲ្យឃើញអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ ដើម្បីយកមកព្យាបាល និងដាក់ដោយឡែកពីគេ កុំឲ្យបុគ្គលនោះចម្លងទៅអ្នកដទែទៀត។ លោកជំទាវវេជ្ជបណ្ឌិតថ្លែងទៀតថា នៅក្នុងដំណាក់កាលដាន់ស៍នេះ បើសិនជាយើងអត់ធ្វើអ្វីសោះ ការវាយលុកនៃជំងឺកូវីដ១៩ គឺឡើងត្រង់ខ្ពស់តែម្តង។

(ប្រសិនបើយើងប្រកបការរស់នៅរបស់យើងសព្វថ្ងៃនេះ យើងត្រូវបោះជំហានយើងឲ្យត្រូវ បើមិនត្រូវទេ នឹងជំពប់ជើងដួល បើមិនត្រូវទេប៉ះទៅនឹងកូវីដ១៩ ដែលអាចបង្កឲ្យមានរលកទី២ កើតមានឡើង)។