គណៈកម្មការរៀបចំផែនការមេទេសចរណ៍ខេត្តមណ្ឌលគីរី គាំទ្ររាជរដ្ឋាភិបាលចំពោះគម្រោងសាងសង់ព្រលានយន្តហោះ ដែលជាតម្រូវការដ៏សំខាន់


(មណ្ឌលគិរី)៖ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អង្គប្រជុំបានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ចាំបាច់ត្រូវមានការចូលរួមពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ពន្ធផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើតព្រលានយន្តហោះថ្មី ដែលមានតួនាទីសំខាន់ក្នុងការបម្រើការដឹកជញ្ជូនទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានាក្នុងប្រទេស។
កិច្ចប្រជុំដើម្បីសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីខាងលើនេះ មានការចូលរួមពី ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត អនុប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងឯកឧត្ដមអនុប្រធាន និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកគណៈកម្មការអន្តរក្រសួង មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តមណ្ឌលគិរីទៀតផងដែរ។
រាជរដ្ឋាភិបាលបានកំណត់រួចមកហើយថា ខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។
គណៈកម្មការអន្តរក្រសួង បានបង្ហាញការគាំទ្រ ចំពោះការងារសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរីនេះ ដោយកំណត់ថា វិស័យទេសចរណ៍ ពិសេសវិស័យអេកូទេសចរណ៍ ជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត បន្ទាប់មក គឺវិស័យកសិកម្ម ដែលមានសក្ដានុពលខ្លាំងបំផុត ដូចជាការដាំដុះបន្លែសេរីរាង្គដ៏មានរសជាតិឆ្ងាញ់ពិសា ផ្កាល្អៗ ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេស។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងព្រលានយន្តហោះ ដែលគណៈកម្មការអន្តរក្រសួង សូមគាំទ្រទាំងស្រុងចំពោះ រាជរដ្ឋាភិបាលដែលបានរៀបចំគម្រោងកសាងព្រលានយន្តហោះមួយនៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅភូមិភាគនិរតី តំបន់ទេសចរណ៍នៅភាគពាយព្យ មានខេត្តបាត់ដំបងជាដើម។
លោក ថោង ខុន បានបន្ថែមថា ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ។
ឯកឧត្ដមអភិបាលខេត្ត ស្វាយ សំអ៊ាង បានលើកឡើងពីសក្ដានុពលទេសចរណ៍ និងតំបន់ទេសភាពទាក់ទាញប្រមាណ៣៩ កន្លែង ក្នុងនោះមានទាំងតំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋានទេសចរណ៍កែច្នៃ ជ្រលងដងអូរ និងភ្នំធម្មជាតិ ចម្ការដំណាំចម្រុះពូជដែលអំណោយផលដល់វិស័យកសិទេសចរណ៍ និងបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ម្យ៉ាងទៀត ទេសភាពតាមដងផ្លូវនៅក្នុងខេត្តក៏ផ្ដល់នូវភាពស្រស់ត្រកាល គួបនឹងអាកាសធាតុអំណោយផលដល់ការទស្សនា និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរផងដែរ។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ការកសាងផ្លូវទៅច្រកទ្វារព្រំដែន ជាចំណុចចាំបាច់សម្រាប់តភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញរបស់ប្រជាពលរដ្ឋទៅកាន់ប្រទេសជិតខាង ពិសេសគឺប្រទេសវៀតណាម។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ត្រូវតែជាផែនការដែលមានលក្ខណៈសមាហរណកម្មជាមួយវិស័យផ្សេងៗ (Intergrated Master Plan) ពិសេសប្លង់គោលប្រើប្រាស់ដីធ្លី (ដែលក្រសួងរៀបចំដែនដីកំពុងរៀបចំ) ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅអេកូទេសចរណ៍ចម្បងរបស់ប្រទេសជាតិ។
ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំពោះសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អាចនឹងត្រូវបញ្ចប់នៅដំណាចខែសីហា ឆ្នាំ២០២០នេះ៕