អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យកសិដ្ឋានដាំដុះបន្លែសុវត្ថិភាព នៅឃុំអូរសោម និងផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានចុះពិនិត្យការងារបង្កបង្កើនផលបន្លែសរីរាង្គ នៅកសិដ្ឋានដាំដុះបន្លែសុវត្ថិភាព របស់ក្រុមហ៊ុន ឃុត ថាន់ដា ដែលមានផ្ទៃដីប្រមាណ២០ហិកតា ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយគោលការណ៍ឥណទានធនាគារអភិវឌ្ឍន៍ជនបទ របស់កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក ជូនដល់ម្ចាស់កសិដ្ឋានដាំដុះបន្លែសុវត្ថិភាព ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្មបន្ថែម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

លោក ពុត សុជិន អ្នកគ្រប់គ្រងកសិដ្ឋានបន្លែសុវត្ថិភាព របស់ក្រុមហ៊ុន ឃុត ថាន់ដា បានឱ្យដឹងថា កសិដ្ឋាននេះបានធ្វើការដាំដុះបន្លែ លើផ្ទៃដីប្រមាណ២០ហិកតា ហើយជាមធ្យមកសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់បន្លែឱ្យទីផ្សារ ប្រមាណជា៣តោនប៉ុណ្ណោះក្នុងមួយថ្ងៃ តែតម្រូវការជាក់ស្តែងរហូតទៅដល់១០តោន ក្នុងមួយថ្ងៃ។ ប្រភេទបន្លែដែលកសិដ្ឋានយើងបានដាំដុះរួមមាន៖ ម្ទេស ស្ពៃ ត្រកួន ជីវ៉ាន់ស៊ុយ សណ្តែកគួរ ត្រសក់ និងប៉េងប៉ោះ។

លោក ពុត សុជិន បន្តថាដំបូងឡើយ ក្រុមហ៊ុនបានផ្គត់ផ្គង់បន្លែសម្រាប់តែអតិថិជននៅខេត្តព្រះសីហនុ ដូចជានៅសណ្ឋាគារ និងកាស៊ីណូជាដើម តែដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ ក្រុមហ៊ុនបានបង្វែរ និងផ្តោតការផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកវិញម្តង ដូចជានៅខេត្តពោធិ៍សាត់ ខេត្តកោះកុង វាលរេញ និងខេត្តព្រះសីហនុ។ គោលដៅរបស់ក្រុមហ៊ុន នឹងពង្រីកវិសាលភាពនៃការដាំដុះបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានសមស្រប ពីព្រោះនៅក្នុងឃុំអូរសោម អាកាសធាតុ និងដី ពិតជាអំណោយផលទៅលើការដាំដុះ។

លើកឡើងក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋាន បុគ្គលិក កម្មករ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដាំដុះបន្លែសរីរាង្គ ដើម្បីចូលរួមចំណែកផ្គត់ផ្គង់ ឱ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ឈានទៅកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។

ឯកឧត្តមបានបន្ថែមថា នេះជាសកម្មភាពមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មទាន់សម័យ ការបង្កើតការងារឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងការកាត់បន្ថយចំណាកស្រុក។ លោកក៏បានអំពាវនាវ ដល់វិនិយោគិនក្នុងស្រុក គិតគូរវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស ដោយធានាបានទាំងគុណភាព សុវត្ថិភាព បន្លែ និងផ្លែឈើ។

ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្សព្វផ្សាយគោលការណ៍ឥណទានធនាគារអភិវឌ្ឍន៍ជនបទ របស់កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក ជូនដល់ម្ចាស់កសិដ្ឋានដាំដុះបន្លែសុវត្ថិភាព ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្មបន្ថែម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង ពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លងកូវីដ១៩ និងបញ្ហាEBA។

បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពនោះរួចមកឯកឧត្តម ម៉ៅ ធនិន និងសហការី ក៏បានបន្តដំណើរមកពិនិត្យចម្ការភ្ញៀវ ក្នុងសហគមន៍ព្រៃក្រវាញ និងចម្ការធុរេន របស់បងប្អូនប្រជាកសិករ ក្នុងឃុំអូរសោមផងដែរ៕