រដ្ឋបាលខេត្តស្វាយរៀង ទទួលសម្ភារការពារកូវីដ១៩ ពីអង្គការការីតាសកម្ពុជា


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអញ្ជើញទទួលសម្ភារ ដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា តាមរយៈលោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន សម្រាប់ចាត់ចែងក្នុងកំឡុង ពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ លោកជំទាវរី ព្រុំ សុភី និងសហការី ព្រមទាំងតំណាងអង្គការការីតាសកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនាំយកសម្ភារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ភារទាំងនោះ រួមមាន៖ សាប៊ូ២១កេស ស្មើនឹង១៥១២ដុំ, ម៉ាស៥០ប្រអប់ ស្មើនឹង២៥០០សន្លឹក, អាល់កុល១០បីដុង ស្មើនឹង១០០លីត្រ, និងផ្ទាំងអប់រំផ្សព្វផ្សាយ១០៥ដុំ ស្មើនឹង១០០០សន្លឹក ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុដាក់បំផុត ក្នុងការពង្រឹងអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំទៅដល់ប្រជាពលរដ្ឋដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺឆ្លងមួយនេះ៕