ឯកឧត្តមនាយឧត្តមសេនីយ ប៊ុន លើត ដឹកកិច្ចប្រជុំអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង


(កោះកុង)៖ ឯកឧត្តមនាយឧត្តមសេនីយ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង(អ.គ.ក.) បានអញ្ជើញដឹកកិច្ចប្រជុំអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថា អនុប្រធាន សមាជិក អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ទាំងអស់សុទ្ធតែជាសេនាធិការឲ្យគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ មានភារកិច្ចសិក្សាស្រាវជ្រាវ និងចូលរួមរាល់ដំណើរការ ពិនិត្យ សម្រេច លើការរៀបចំប្លង់ទីតាំងរួម ប្លង់ស្ថាបត្យកម្ម អង្គការរចនាសម្ព័ន្ធ ប្លង់សាងសង់ ប្លង់បំពាក់គ្រឿងសម្ភារៈ តុបតែង និងថវិកាចំណាយ។ ជាមួយនឹងការស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុសំរាប់ការសាងសង់ ចងក្រងបញ្ជីឈ្មោះកម្លាំងសមាហរណកម្ម សម្រាប់ជាឯកសារសិក្សាស្រាវជ្រាវបន្ថែម បង្ហាញរំលេចសមទ្ធិផល ឈ្នះ ឈ្នះ បន្ទាប់ពីការសាងសង់។ ត្រូវចូលរួមកិច្ចប្រជុំ និងធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនគណៈសាងសង់វិមាន ឈ្នះ ឈ្នះ ព្រមទាំងអនុវត្តភារកិច្ចផ្សេងៗដែលប្រធានប្រគល់ជូនធ្វើយ៉ាងណាឱ្យការសាងសង់វិមាន ឈ្នះ ឈ្នះ សម្រេចបានល្អប្រសើរទៅតាមផែនការដែលបានគ្រោងទុក ជាសមិទ្ធផលថ្មីបន្ថែមទៀត នៅក្នុងទឹកដីខេត្តកោះកុង៕