រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលកៅស៊ូជាង១១គីឡូម៉ែត្រ និងការដ្ឋានជីកស្រះទឹក នៅខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង១១.៥គីឡូម៉ែត្រ ចាប់ពីភូមិថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅឃុំ ក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ផ្លូវក្រាលកៅស៊ូនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ដែលជាលទ្ធផលគិតត្រឹមថ្ងៃនេះ សម្រេចបាន៩១% ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ ២០២០។

បន្ទាប់មក លោកបណ្ឌិតរដ្ឋមន្រ្តី បន្តចុះពិនិត្យការជីកស្រះទឹក មួយកន្លែង ដែលមានទំហំ ៥០ម៉ែត្រគុណ៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ស្ថិតនៅភូមិប្រចាក់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាលទ្ធផលសម្រេចបាន៧៥% ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០៕