សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នឹងកសាងនៅខេត្តកោះកុង


(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នាថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២០ថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នឹងកើតមាននៅលើទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ នៅពេលឆាប់ៗនេះ។

សម្តេចបន្តថា ស្តូបនេះនឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមការឧបត្ថម្ភពីសប្បុរសជន។

សម្តេចពិជ័សេនា ទៀ បាញ់ បានថ្លែងបន្តថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ តាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំលឹកគុណដល់វិរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិក្នុងយុគ្គសម័យភ្លើងសង្រ្គាម។

សម្តេចពិជ័យសេនា បានថ្លែងបញ្ជាក់ថា «យើងត្រូវថ្លែងអំណរគុណសន្តិភាពដែលក្រោមការដឹងនាំដ៏ឈ្លាវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាយើងតាំងបាត់ដៃទទេរហូតដល់មានការអភិវឌ្ឍរីកចំរើនគ្រប់ផ្នែក គ្រប់វិស័យ មានធនធានមនុស្ស និងធ្វើឲ្យប្រទេសលើពិភពលោកទទួលស្គាល់ទៀតផង»

សម្តេចបន្តថា «ប្រទេសមានសន្តិភាពមានសេរីភាពដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេការតស៑ូដែលលះបង់អាយុជីវិតដើម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយនេះឡើយដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ ក៏ជាកក្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្តផងដែរ»