ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្ត ចុះពិនិត្យលទ្ធផលគម្រោងសាងសង់ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត


ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ អមដោយមន្ត្រីប្រតិភូច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីទីប្រឹក្សាបច្ចេកទេសគម្រោង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះ ស្វែងយល់ និងពិនិត្យលទ្ធផល នៃ គម្រោងសាងសង់ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្ម សំអាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពតខេត្តកំពត ។

សូមបញ្ជាក់ថា អនុគម្រោងប្រព័ន្ធប្រមូលនិងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងកំពត គឺជាគម្រោង អភិវឌ្ឍន៍ក្រុងរបៀងនៃមហាអនុតំបន់មេគង្គទី២ប្រើប្រាស់ឥណទានរបស់ADB ។ គម្រោងនេះចាប់ផ្ដើមអនុវត្តតាំងពីខែតុលាឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២១គ្រោងប្រើប្រាស់ថវិកាប្រមាណជាង៩លាន៩សែន៦ម៉ឺន៨ពាន់ដុល្លា ។ គម្រោងនេះទៀតសោតមានអាងប្រព្រឹត្តិកម្មទឹកស្អាតចំនួន៣កន្លែងផ្សេងគ្នា ក្នុងនោះ អាងប្រព្រឹត្តិកម្មទីមួយស្ថិតនៅសង្កាត់កំពង់បាយ ទីពីរស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិលក្នុងក្រុងកំពតដូចគ្នានិងទី៣ជាអាងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ ចុងក្រោយស្ថិតនៅភូមិត្រពាំងកញ្ឆែតឃុំសំរោងស្រុកទឹកឈូ។
ប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់នេះ ក្នុងនោះមានស្ថានីយបូមទឹកកខ្វក់ចំនួន២ បំពង់មេបញ្ជូនទឹកកខ្វក់មានប្រវែងជាង៧គីឡូម៉ែត្រ បំពង់បញ្ជូនទឹកកខ្វក់មានប្រវែងជាង៩គីឡូម៉ែត្រ បំពង់ដែលត្រូវភ្ជាប់បណ្ដាញទឹកកខ្វក់តាមខ្នងផ្ទះប្រវែងជាង១២ គីឡូម៉ែត្រ ចំនួនខ្នងផ្ទះដែលត្រូវភ្ជាប់បណ្ដាញមាន២០០០ខ្នងនិងប្រព័ន្ធដោះទឹកភ្លៀង មានប្រវែងជិត៨គីឡូម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសម្ដែងក្ដីអំណរសាទរ និងសង្ឃឹមចំពោះសមិទ្ធផលដ៏មានសារៈសំខាន់នេះដែលនឹងសម្រេចហើយ ជាស្ថាពរក្នុងពេលខាងមុខដ៏ឆាប់នេះ។ ព្រោះសមិទ្ធផលទាំងនេះ អាចឆ្លើយតបនៃការកាត់បន្ថយក្ដីបារម្ភកង្វល់ពីអាជ្ញាធរខេត្ត ក្រុង ក៏ដូចជាប្រជាពលរដ្ឋ ពីបញ្ហានៃការជន់លិចក្រុងនៅពេលភ្លៀងមកម្ដងៗ នឹងអាចធ្វើឲ្យអនាម័យបរិស្ថានបានល្អក្នុងក្រុងកំពតថែមទៀតផង។ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកសំណូមពរដល់មន្ត្រីអ្នកបច្ចេកទេសរួមនិងអ្នកទទួលការសាងសង់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការសាងសង់នេះបានសម្រេចលឿនឆាប់រហ័ស និងតាមបទដ្ឋានបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ពិសេសធ្វើយ៉ាងណា ជំរុញល្បឿននៃការសាងសង់ ក៏ដូចជាការស្ដារព្រែកធម្មជាតិភូមិតាអេង ដែលជាផ្លូវទឹកសំខាន់ ក្នុងការរំដោះទឹកភ្លៀងចេញពីក្រុងកំពត ដើម្បីបញ្ចៀសការជន់លិចនៅពេលរដូវវស្សាទឹកភ្លៀង