សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ថ្វាយព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតុង ដែលផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេកសម្តេច


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ថ្វាយព្រះចៅស៊ុលតុង ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសប៊្រុយណេ ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។

សារលខិតរបស់សម្តេចតេជោ ហ៊ុន សែន ថ្វាយទៅកាន់ ព្រះចៅស៊ុលតុង នៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ទូលបង្គំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះអង្គ ដែលបានផ្ញើសាររំលែកទុក្ខដល់ ក្រុមគ្រួសាររបស់ទូលបង្គំ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់ទូលបង្គំ បានទទួលអនិច្ចកម្ម កាលពីព្រឹកព្រលឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ។ កាយវិកាបង្ហាញនូវសមានចិត្តអាណិតអាសូររបស់ព្រះអង្គ បានជួយសម្រាលទុក្ខដល់ទូលបង្គំ ព្រមទាំងភរិយា និងក្រុមគ្រួសារ ក្នុងគ្រាដែលយើងទាំងអស់គ្នា កំពុងតែសោកសង្រេងឥតឧប្បមា ដោយសារការបាត់បង់ដ៏ធំធេងនេះ»។

សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕