ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បើកកិច្ចពិភាក្សាអំពីដំណើរការ រៀបចំ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា អំពីដំណើរការ រៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលពីមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបផងដែរ។

ASEM13 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រកាសកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ តាមការគ្រោងទុក កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅរាជធានភ្នំពេញ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥ នៃសហភាពអឺរ៉ុប និងប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការ អភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៉ី ហើយគេចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និង រដ្ឋាភិបាល, ប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប, ប្រធាន នៃស្នងការអឺរ៉ុប និង អគ្គលេខាធិការ នៃសមាគមប្រជាជាតិ អាស៉ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។

ASEM ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕