ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សម្រេចការសាងសង់បាន៧៤% ចុងឆ្នាំនេះនឹងចាក់កៅស៊ូរួចរាល់មួយស្រទាប់


(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ប្រវែងជាង១៣៤គីឡូម៉ែត្រ គិតមកដល់ពេលនេះ បានសាងសង់រួចរាល់ប្រមាណ៧៤% ហើយនៅចុងឆ្នាំ២០២០នេះ នឹងអាចចាក់កៅស៊ូបានរួចរាល់មួយស្រទាប់ នឹងលែងបង្កឱ្យមានដីហុយខ្លាំងលើប្រជាពលរដ្ឋទៀតហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យមើលគុណភាពនៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថា តើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែលបានកំណត់ដែរ ឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា សម្រាប់ផ្លូវជាតិលេខ៣ គឺបានត្រឹមត្រូវតាមលក្ខណបច្ចេកទេស និងបានបង្ហាប់គ្រឹះបានយ៉ាងល្អត្រឹមត្រូវ តែទោះជាយ៉ាងណា ក្រសួងនឹងនៅតែបន្តចុះតាមដានមើលផ្លូវនេះ ជាបន្តបន្ទាប់ទៀតរហូតដល់សាងសង់រួចរាល់។ ផ្លូវជាតិលេខ៣ បើសិនធ្វើបានត្រឹមត្រូវយ៉ាងដូចនេះ រហូតដល់រួចរាល់ និងអាចធានាជូនដល់បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានរហូតដល់១០ឆ្នាំដោយគ្មានការខូចនោះទេ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា គម្រោងពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាលមានដំណាក់កាលទី១៖ ពីចោមចៅទៅបែកគូសប្រវែង៦៩.៩០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង ។

ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពត ប្រវែង៦៤.៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះនឹងសាងសង់រួចរាល់មុនពេលកំណត់រហូតដល់៩ខែ ពោលគឺនឹងអាចរួចរាល់នៅចុងឆ្នាំ២០២១ ។

សូមបញ្ជាក់ដែរថា នៅក្នុងដំណើរបេសកកម្មចុះ ពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យការបំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលង នៅផ្សារត្រាំខ្នារថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែក ផ្លូវក្នុងគោលបំណង ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ប្រមាណ៥នាក់/ថ្ងៃ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួង ស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ (AC) ស្រទាប់ទីមួយធ្វើតេស្ត FWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែលប្ដូរពីផ្លូវ AC ទៅផ្លូវបេតុងផងដែរ៕