ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលថ្មី មន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល


ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលថ្មី មន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ទាំង១១ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។
ក្នុងឱកាសសម្ពោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលថ្មី មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគាររដ្ឋបាលថ្មីនេះ គឺជាផ្នែកមួយនៃការរួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នឹងបានឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះការរីកចម្រើនរបស់ខេត្តកណ្ដាល នាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់នានាលើវិស័យពាណិជ្ជកម្មខេត្តកណ្ដាល ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រី្ត ក្រសួងពាណិជ្ជកម្ម បានកោតសរសើរដោយស្មោះចំពោះសមិទ្ធផល និងស្នាដៃក្នុងការបំពេញភារកិច្ចតាមតួនាទីដែលមន្ទីរពាណិជ្ជកម្មខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងខេត្តកណ្ដាល សម្រេចបានកន្លងមក ដែលបានឆ្លុះបញ្ចាំងអោយអំពីការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសសហការទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តទាំងអស់ ។
លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល បានឲ្យដឹងថាអគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានទំហំ ២៤ម៉ែត្រគុណនឹង ១២ ម៉ែត្រ មានកម្ពស់ ២ ជាន់ដែលជាន់ទី១ មានបន្ទប់ការិយាល័យធំចំនួន ២ មានបន្ទប់ថ្នាក់ដឹកនាំចំនួន ១ បន្ទប់ប្រជុំតូចចំនួន១ បន្ទប់រង់ចាំ១ និងបន្ទប់ទឹកចំនួន ៣ នៅជាន់ទី ២ មានសាលប្រជុំធំ១ បន្ទប់ការិយាល័យ ៣ បន្ទប់ទឹក២ ដោយឡែកនៅជាន់ផ្ទាល់ដីមានបន្ទប់ទឹកចំនួន ២ ហើយគ្រប់ការិយាល័យ និងសាលប្រជុំសុទ្ធតែបំពាក់ដោយសម្ភារៈបរិក្ខារគ្រប់ប្រភេទ ព្រមទាំងបានបំពាក់នូវកាមេរ៉ាសុវត្ថិភាពចំនួន ១៨ គ្រាប់ សម្រាប់បំពេញការងាររបស់មន្ទីរ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។