មូលនិធិជនពិការបានធ្វើពិធីប្រគល់ផ្ទះថ្មី១ខ្នង ជូនលោក ខ្វាន់ សារឿន ជាជនពិការជើងទាំងពីរ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង


ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មូលនិធិជនពិការបានធ្វើពិធីប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤x៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនលោក ខ្វាន់ សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនពិការជើងទាំងពីរ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងមានការចូលរួមពីនាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការ លោកជំទាវអភិបាលរងខេត្តស្វាយរៀង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រុមប្រឹក្សាស្រុកស្វាយទាប លោកអភិបាលរងស្រុកស្វាយទាប ក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំបួរ ក្រុមប្រឹក្សាឃុំសំបួរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ការផ្ដល់ជូនផ្ទះថ្មីមួយខ្នងនេះជូនជនពិការខាងលើ គឺបន្ទាប់ពីមានការពិនិត្យ និងវាយតម្លៃរបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ ដែលក្នុងនោះលោក ហ៊ុត ពន្លឺ ប្រធានគណៈកម្មការបានចុះពិនិត្យ និងវាយតម្លៃផ្ទាល់ បន្ទាប់ពីមានការស្នើសុំពីសាខាមូលនិធិជនពិការខេត្ត មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងតាមការវាយតម្លៃជនពិការរូបនេះ ពិតជាជនពិការក្រីក្រមានផ្ទះខ្ទមចាស់ទ្រុតទ្រោម និងពុំមានមុខរបរច្បាស់លាស់ ដោយពឹងផ្អែកទៅលើចំណូលរបស់ប្រពន្ធ និងកូន។

ឯកឧត្ដម សៅ ឡែន បានបញ្ជាក់ថាផ្ទះមួយខ្នងនេះចំណាយអស់ថវិកា ១៦,០០៨,០០០រៀល ដែលជាថវិកាបានមកពីអំណោយសប្បុរសធម៌ដែលសប្បុរសជនបានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលហិបនេះបានដាក់នៅតាមវត្ដអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ ។ល។ ឯកឧត្ដមក៏បានបន្ដទៀតថា កន្លងមកមូលនិធិជនពិការបានប្រគល់ផ្ទះជូនទៅជនពិការក្រីក្រនៅខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តសៀមរាប នេះជាផ្ទះទី៤ ហើយមូលនិធិជនពិការនឹងផ្ដល់ជូនបន្ដនៅខេត្តផ្សេងៗទៀត ដែលខេត្តខ្លះសាងសង់រួច៩០% និងខេត្តខ្លះបានសាងសង់រួចជាស្ថាពរ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការផ្ដល់ផ្ទះនេះមូលនិធិជនពិការបានប្រជុំជាច្រើនលើកច្រើនសារ លើការកំណត់លក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រដែលត្រូវបានសាងសង់ផ្ទះជូន ក្នុងការចុះពិនិត្យ និងវាយតម្លៃជនពិការក្រីក្រតាមសហគមន៍។ ឯកឧត្ដមបន្ដថា កន្លងមកនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចជាច្រើនសំដៅលើការលើកកម្ពស់សុខុមាលភាពរបស់ជនពិការ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាពជូនជនពិការក្រីក្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម។ ថ្មីៗនេះ ក្រសួង ក៏បាននាំយកសម្ភារៈអនាម័យសម្រាប់ការពារជំងឺកូវីដ១៩ ដែលឧបត្ថម្ភដោយស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គភាពដែលពាក់ព័ន្ធ និងអង្គភាពដែលបម្រើសេវាកម្មដល់ជនពិការ។ ឯកឧត្តមបានកោតសរសើរដល់មូលនិធិជនពិការ ដែលបានខិតខំប្រឹងប្រែងអនុវត្តនូវវិធានការណ៍ជាច្រើនដូចជា វិធានការណ៍រក្សាគំលាត ការថែរក្សាអនាម័យ ការប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាព និងផ្ទាំងអប់រំនានា សំដៅឱ្យជនពិការទទួលបាននូវការស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។

ក្នុងពិធីនេះដែរ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ ក៏បាននាំយកអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនដល់គ្រួសារលោក ខ្វាន់ សារឿន រួមមាន៖ ថវិកា ១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស និងសំលៀកបំពាក់១កញ្ចប់។ លោកនាយកក៏បានផ្តាំផ្ញើរដល់លោក ខ្វាន់ សារឿន ឱ្យថែរក្សាសុខភាព និងទៅទទួលសេវាដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាដែលនៅជិតបំផុត ដើម្បីបង្កើនលទ្ធភាពរបស់គាត់ក្នុងការចូលរួមសកម្មភាពនានារបស់សង្គម។ ក្រៅពីសម្ភារៈទាំងនេះ ជនពិការខាងលើក៏បានទទួលនូវការឧបត្ថម្ភបន្ថែមជាអង្ករ៣០គីឡូក្រោម សារុង១ មុង១ ភួយ១ ក្រមា១ និងកន្ទេល១ ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន២០នាក់ ក៏ទទួលបាននូវកញ្ចប់អំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនូវអង្ករ៣០គីឡូក្រោម សារុង១ មុង១ ភួយ១ ក្រមា១ និងកន្ទេល១ ព្រមទាំងថវិកាមួយចំនួនពីមូលនិធិជនពិការផងដែរ។

គូសបញ្ជាក់ថា ដើម្បីបន្តអនុវត្តកិច្ចការពារ និងបង្ការការីករាលដាលនៃជំងឺកូវីដ១៩ សាខាមូលនិធិជនពិការខេត្តស្វាយរៀង ក៏បានរៀបចំជាម៉ាស ទឹកអាកុល និងម៉ាស៊ីនស្ទង់កំដៅ ដល់អ្នកចូលរួមក្នុងកម្មវិធីនេះ៕