ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៣គ្រួសារ ក្នុងស្រុកជលគិរី បានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា


កំពង់ឆ្នាំងៈ នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ កាកបាទ
ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ចំនួន ៣៣គ្រួសារ មកពីភូមិកំពង់អុស ភូមិព្រែកឆ្ដោរ ភូមិកៀនតាម៉ា និង ភូមិថ្មី នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ការពារខ្លួនពីជំងឺកូវីដ១៩ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយក្នុងមួយគ្រួសារៗទទួលបានៈអង្ករ ២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង ១ ភួយ១ ក្រមា ១ សារុង ១) និងថវិកាមួយចំនួន។ ជាមួយគ្នានោះដែរ ឯកឧត្ដម ឈួរ ច័ន្ទឌឿន ក៏បានប្រគេននូវទ័យទានមួយចំនួនដល់ព្រះសង្ឃដែលគង់ក្នុងវត្តកំពង់អុស រួមមាន÷ អង្ករ ៥០គីឡូក្រាម, មី ២កេះ, ត្រី ខ ២យួរ និងបច្ច័យមួយចំនួនផងដែរ ៕