អភិបាលរងខេត្តកណ្ដាល និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១១៣ គ្រួសារ


យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដាក់បទបញ្ជានេះដល់ អាជ្ញាធរ គ្រប់ ជាន់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខ របស់ប្រជាពលរដ្ឋយើង ដែលកំពុង ជួបការលំបាក មានជីវភាពខ្វះខាតផងនោះ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១១៣ គ្រួសារ ដែលស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ដែលមានជីវភាពក្រីក្រ និងកំពុងជួបប្រទះនឹងវិបត្តិនៃការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ។ អំណោយដែលឯកឧត្តម បានចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១១៣គ្រួសារ ក្នុងមួយគ្រួសារ រួមមាន អង្ករ ១០គីឡូក្រាម មី ១កេស សាប៊ូ ១កញ្ចប់ ម៉ាស ២ដុំ ត្រីខ ១យួ ជែលលាងដៃ ១ដប ដែលកំពុងជួបការលំបាកខ្វះខាត ដែលចាត់ចូលជាប្រភេទ ក្រ១ ក្រ២ និងក្រជាក់ស្តែង ដើម្បីយកទៅដោះស្រាយជីវភាពបានមួយរយៈ ។ នាឱកាសនេះដែរ ឯកឧត្តម បានផ្តាំផ្ញើដល់មន្រ្តី នៃសង្កាត់កំពង់សំណាញ់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះ សុខភាព អនាម័យ ជៀសឱ្យបានពីការឆ្លងជំងឺកូវីដ-១៩ និងសូមបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវិដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋាន ឱ្យពួកគាត់មានការយល់ដឹងកាន់តែច្បាស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។