ចាស់ជរា និងអ្នកខ្វះខាត ១០០គ្រួសារនៅ ឃុំគរ ស្រុកត្បូងឃ្មុំទទួលថវិកា ពីឯកឧត្តម កៅ អ៊ីមរ៉ន និង លោកជំទាវ


ត្បូងឃ្មុំ,: នាឱកាសពិធីបញ្ចប់បួសរ៉ាម៉ាឌន ថ្ងៃទី២៤ ខែឧសភា ឆ្មាំ២០២០ ឯកឧត្តម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ បានពាំនាំថវិកាផ្តល់ជូន លោកតា លោកយាយ ចាស់ជរា និងអ្នកខ្វះខាត ចំនួន ១០០នាក់ នៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល។

បន្ទាប់ពីប្រសាសន៍ជូនពរដល់បងប្អូនសាសនិកឥស្លាមនាឱកាសបុណ្យរ៉យ៉ាអ៊ីតហ្វីទ្រី ឯកឧត្តម កៅ អ៊ីមរ៉ន ក៏បានអរគុណសាសនិកនៅទូទាំងខេត្តត្បូងឃ្មុំ ដែលអនុវត្តបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់បញ្ហាជម្ងឺកូវីដ១៩ ក្នុងនោះបានសហការគ្នា ផ្អាករាល់ពិធីជួបជុំផ្សេងក្នុងពិធីបួសរ៉ាម៉ាឌនកន្លងទៅ ក៏ដូចជាពិធីថ្វាយបង្គុំរ៉យ៉ាអ៊ីតហ្វីទ្រីថ្ងៃនេះ បងប្អូនបានអនុវត្តនៅតាមផ្ទះរៀងៗខ្លួន។ ឯកឧត្តមបន្តថា ការមិនប្រតិបត្តិពិធីនេះបែបផ្តុំគ្នា ដោយមូលហេតុចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ គឺមិន មានអ្វីប៉ះពាល់ដល់ក្បួនច្បាប់នៃក្របខណ្ឌឥស្លាមទេ តែផ្ទុយទៅវិញបងប្អូនកាន់តែទទួលបានផលបុណ្យ ពីការអត់ធ្មត់ និងផលបុណ្យនៃការគោរពគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក៏ដូចជាគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។