លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអនអញ្ជើញក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ អគារសិក្សាថ្មីនៅបឋមសិក្សាជុបព្រីង


លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ចំនួន១ខ្នង ដែលជាអំណោយរបស់តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសោស តាមរយៈ លោក Pino hsu ជានាយកប្រត្តិបត្តិ ស្ថិតនៅភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះលោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងមនោសញ្ជេតនារបស់ លោក Pino hsu ដែលជាវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអគារសិក្សាថ្មីមួយខ្នងនេះ ក៏ដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំផងដែរ ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអ្នកទទួលម៉ៅការសំណង់ត្រូវគោរពតាមបទដ្ឋានច្បាប់ដែលបានកំណត់ និងជាសំណង់ដែលមានគុណភាព និងបានក្រើនរំលឹកឲ្យបងប្អូនជាអ្នកធ្វើការក្នុងការដ្ឋានសំណង់ទាំងអស់គ្នាធ្វើការដោយប្រុងប្រយ័ត្នខ្ពស់និងត្រូវបន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩៕