ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត ដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ត្រៀមរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង


(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្មះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ត្រៀមរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា សូមសមាជិក នៃកិច្ចប្រជុំទាំងមូល សូមចូលរួម ពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ អំពីផែនការការពារ រៀបចំកម្មវិធី និងបញ្ហាផ្សេងៗ ដែលឈានដល់ការបញ្ចុះបឋមសីលាសាងសង់ស្តូបនេះ អោយបានទាន់ពេលវេលា សមស្របតាមពេលវេលាជាក់ស្តែង។ អង្គភាព មន្ទីរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរាល់គ្រប់សកម្មភាពនានា ទាក់ទងនឹងដំណើរការ នៃការសាងសង់ស្តូបនេះ ខ្ញុំជឿជាក់ថាក្រោយពីស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងសាងសង់រួចរាល់ នឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកើនឡើង ជាមួយការអញ្ជើញមកទស្សនាកំសាន្តស្តូប និងតំបន់ទេសចរណ៍នានា ក្នុងខេត្តជាក់ជាមិនខាន៕