សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ផ្តល់ទេយ្យទាន និងស្បៀងអាហារដល់វត្តដាច់ស្រយ៉ាលចំនួន ៤វត្ត ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩


នៅព្រឹក ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខាខេត្ត មន្រ្តីប្រតិបត្តិសាខា អនុគណ:កម្មាធិការសាខាក្រុង ស្រុក យុវជនស័្មគ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមអាជ្ញាធរស្រុក ឃុំ ភូមិនិងយុវជន ស.ស.យ.ក. ខេត្ត នាំយកទេយ្យទាន និង គ្រឿងឧបភោគ បរិភោគ ប្រគេនថ្វាយព្រះសង្ឃដែលខ្វះខាតចង្ហាន់ចំនួន ៤ វត្ត រួមមានវត្ត ទឹកផុស ស្ថិតក្នុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន វត្តកូនដំរីលើ ស្ថិតក្នុងឃុំអូរអណ្តូង វត្តបាយសី ស្ថិតក្នុងឃុំស្ទឹងត្រង់ និងវត្តស្រែអន្ទាក់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីដោះស្រាយការលំបាក ក្នុងគ្រាវិបត្តិជំងឺកូវីដ១៩។

ឆ្លៀតក្នុងនាឱកាសនោះ លោកជំទាវតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើការសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។

លោកជំទាវបានមានប្រសាសន៍ បន្តថា
ដោយបច្ចុប្បន្នពិភពលោករបស់យើងកំពុងជួបវិបត្តិការរីករាលដាលជំងឺកូវីដ១៩ បណ្តាលឱ្យប្រទេសភាគច្រើនលើពិភពលោកបានប្រកាសបិតប្រទេស ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ ដែលជាកត្តានាំឱ្យប្រជាពលរដ្ឋជួបវិបត្តិក្នុងជីវភាពរស់នៅ យ៉ាងណាមិញប្រជាពលរដ្ឋកម្ពុជារបស់យើងក៏ដូចគ្នា បានជួបការលំបាកក្នុងជីវភាពរស់ តែដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនៅវិធានការចាំបាច់នានា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងវិបត្តិជំងឺកូវីដ១៩នេះ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយដាច់ស្បៀងឡើយ។

ម្យ៉ាងវិញទៀតលោកជំទាវ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយបន្តរស់នៅស្អាតកុំធ្វេសប្រហែស បន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិរយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូនផងដែរ។

ទេយ្យទាន និងស្បៀងក្នុងមួយវត្តៗនាពេលរួមមាន: គ្រឿងឧបភោគ បរិភោគ គ្រឿងទេស ភេសជ្ជ: សាប៊ូ ម៉ាស់ និងទឹកអាល់កុល ព្រមទាំងបច័យប្រគេនព្រះសង្ឃ និងថវិកាមួយចំនួនដំកល់ទុកផងដែរ។