សម្តេច តេជោ ហ៊ុន សែនអនុញ្ញាតអោយ លោក Tanasak Patimapragorn រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


កាលពីរសៀល ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៦ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក Tanasak Patimapragorn បានជំរាបជូនសម្ដេចតេជោអំពីការប្រកួតបាល់ទាត់កាលពីល្ងាចនេះមិញ ហើយលោកបានមានប្រសាសន៍ថា នេះជាលើកទី១ហើយដែលកម្ពុជា និងថៃ បានរៀបចំការប្រកួតនេះឡើងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើង។
ការប្រកួតបាល់ទាត់ម្សិលមិញគឺមានការចាក់ផ្សាយបន្តផ្ទាល់ទាំងនៅប្រទេសថៃ និងកម្ពុជា ។ ជាងនេះទៀត លោកបានគោរពសុំការអនុញ្ញាតផ្តួចផ្តើមគំនិតធ្វើយ៉ាងណារៀបចំឱ្យមានការប្រកួតកីឡាប្រដាល់ កម្ពុជា និងថៃ ជាមួយនឹងប្រទេសដទៃទៀត គឺមានន័យថា កម្ពុជា និងថៃ រួមគ្នាប្រកួត ជាមួយប្រទេសដទៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏ល្អមួយ ដែលឧបនាយករដ្ឋមន្ត្រីទាំងកម្ពុជា និងថៃបានចូលរួម និងចាត់ទុកថា ជាឱកាសដ៏កម្រ ហើយព្រឹត្តិការណ៍នេះគឺចាត់ទុកថា ជាការយកចិត្តទុកដាក់លើទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ។
ចំពោះការផ្តួចផ្តើមរបស់លោក Tanasak ថាចង់រៀបចំឱ្យមានការប្រកួតកីឡាប្រដាល់ កម្ពុជា និងថៃ ជាមួយនឹងប្រទេសដទៃទៀតនោះ សម្តេចបានយល់ស្រប ហើយបានចាត់ទុកថា ការផ្តួចផ្តើមនេះ គឺជាការល្អដោយក្រុមកម្ពុជា និងថៃ ជាក្រុមរួមគ្នា ដើម្បីប្រកួតជាមួយនឹងប្រទេសដទៃទៀត រួមទាំងប្រទេសនៅអឺរ៉ុបផងដែរ។ ជាងនេះទៀត សម្តេចក៏បានប្រគល់តួនាទី ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាសមាគម មិត្តភាពកម្ពុជា -ថៃ និងបានផ្តល់អនុសាសន៍ណែនាំឱ្យសមាគមមិត្តភាពកម្ពុជា ថៃ ធ្វើសកម្មភាពកាន់តែសកម្មថែមទៀត៕
HUN SEN 25-01-2016 (2)           HUN SEN 25-01-2016 (3)
HUN SEN 25-01-2016 (4)            HUN SEN 25-01-2016 (5)
HUN SEN 25-01-2016 (6)