សាលប្រជុំសាលាស្រុកគូលែន រៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៏ព្រៃពោធិ៍មែកបួន ជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ


ខេត្តព្រះវិហារ៖នៅថ្ងៃទី ២៧ ខែ ឧសភា ២០២០ នៅសាលប្រជុំសាលាស្រុកគូលែន មានរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៏ព្រៃពោធិ៍មែកបួន ជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដោយមានការចូលរួមពីរ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ គណៈអភិបាលស្រុកគូលែន មេឃុំគូលែនជើង មេភូមិព្យួរជ្រូក នាយខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ គណៈកម្មាការគ្រប់គ្រងសហគមន៏ព្រៃឈើ និងតំណាងអង្កការ FAO សរុបចំនួន២៥រូប។ សហគមន៏ព្រៃឈើពោធិ៍មែកបួនដែលបានចុះកិច្ចព្រមព្រៀងថ្ងៃនេះមានផ្ទៃដីសរុប៥៨២ហិកតា មានប្រជាពលរដ្ឋជាសមាជិកចំនួន១៣២០នាក់(ស្រី៦៦៥នាក់) ស្ថិតនៅក្នុងភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណង៖
– ផ្តល់សិទ្ឋស្របច្បាប់ជូនសហគមន៏មូលដ្ឋានក្នុងការគ្រប់គ្រងនិងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយចេរភាព
– បង្កើនភាពជឿជាក់និងលើកទឹកចិត្តដល់សហគមន៏មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៏និងជាផ្នែកមួយនៃការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្រ្តៃយិ៍
– បន្តការរៀបចំផែនការនិងអនុវត្តគ្រប់គ្រងព្រៃសហគមន៏ស្របតាមគោលការណ៏ណែនាំស្តីពីការគ្រប់គ្រងសហគមន៏ព្រៃឈើ។
គិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២០នេះ នៅទូទាំងខេត្តព្រះវិហារមានសហគមន៏ព្រៃឈើសរុបចំនួន ៤៨កន្លែង មានផ្ទៃដីព្រៃសរុបចំនួន ៧១ ៣៥០ហិកតា មានប្រជាពលរដ្ឋជាសមាជិកចំនួន៩ ៨៧២គ្រួសារ ស្នើចំនួនប្រជាជនសរុបចំនួន ៣៥ ២៥០នាក់(ស្រី្ត១៧២៥៥នាក់) ស្ថិតក្នុងភូមិគោលដៅចំនួន ៤៦ភូមិ ១៨ឃុំ ទូទាំង០៦ស្រុក ក្នុងខេត្តព្រះវិហារ។
ដោយមានការគាំទ្រ ពីមជ្ឈមណ្ឌលមនុស្សនិងព្រៃឈើ(RECOTFC), អង្កការ PPA និង FAO ផងដែរ។