នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម Iwai Shigeki សមាជិកសភាប្រឹក្សាយោបល់នៃប្រទេសជប៉ុន ដោយមានការអមដំណើរពីឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការពន្លឿនការសិក្សា និងការអនុវត្តគម្រោងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅក្រុងបាវិត ការអភិវឌ្ឍស្ថានីយកុងតឺន័រកំពង់ផែក្រុងព្រះសីហនុ ការអនុវត្តគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT)ក្នុងរាជធានីភ្នំពេញ ការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងនិងប្រតិបត្តិការរថយន្តក្រុងសាធារណៈ និងការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធចម្រោះទឹកនៅកម្ពុជា។
ឯកឧត្តម Shigeki បានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតដល់កម្ពុជា រួមទាំងការធ្វើឱ្យប្រសើរឡើង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាបន្ត រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពីឯកឧត្តម Shigeki ដើម្បីជួយបង្កើតផែនការមេភស្តុភារកម្មរបស់កម្ពុជា និងការដាក់ឱ្យដំណើរការប្រព័ន្ធ EDI នៅកំពង់ផែ ដែលនឹងជួយសម្រួលដល់នីតិវិធី និងការដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន
