ឯកឧត្ដម ស្រ៊ន សំឫទ្ធី អញ្ជើញប្រគល់ សម្ភារៈ និងថវិកា ជូនដល់ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង បានរៀបចំពិធី ប្រគល់ និងទទួលសម្ភារៈព្រមទាំងថវិកា ជូនដល់ក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង នៅតាមមូលដ្ឋានដែលជួបការលំបាក ចំនួន ១៦០គ្រួសារ។

ពិធីប្រគល់ និងទទួលសម្ភារៈថវិកា ជូនដល់ក្រុមការងារនេះ ប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃ គណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្ដមស្រ៊ន សំឫទ្ធីបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុក្ខដាក់បំពេញភារកិច្ចរបស់ខ្លួនបានល្អ ដោយបានចុះដោយផ្ទាល់ដល់មូលដ្ឋានដែលមានបងប្អូនជាគ្រួសារអតីតយុទ្ធជនកម្ពុជា ជួបការលំបាក ដើម្បីនាំយក សម្ភារ និងថវិកា ប្រគល់ជូន។

ឯកឧត្ដមស្រ៊ន សំឫទ្ធី ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស រួមជាមួយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី, ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារផងដែរ ៕