ក្រុមការងារស្រាវជ្រាវនៅស្ថានីយល្អាងស្ពានបង្ហាញលទ្ធផលពីការធ្វើកំណាយបុរាណវិទ្យារយៈពេលជាងមួយទសវត្សរ៍


គម្រោង “បេសកកម្មស្រាវជ្រាវបុរេប្រវត្តិសាស្រ្តកម្ពុជា-បារាំង” ក្រោមកិច្ចសហការរវាងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃសាធារណរដ្ឋបារាំង បានបង្ហាញលទ្ធផលនៃកម្មវិធីស្រាវជ្រាវនៅស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពានចាប់ពីឆ្នាំ២០០៩រហូតដល់សព្វថ្ងៃ។ ក្រុមការងារស្រាវជ្រាវដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី និងលោក Hubert Forestier សាស្រ្តាចារ្យនៃសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិបានធ្វើកំណាយបានចំនួន១២លើកគិតចាប់តាំងពីឆ្នាំ២០០៩មក។
តាមរយៈការស្រាវជ្រាវនេះ ក្រុមការងារបានរកឃើញសំណល់ផ្សេងៗដែលបញ្ជាក់ពីសកម្មភាពនិងជីវភាពរស់នៅរបស់ក្រុមមនុស្សដូចជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មបំបែក ថ្មរំលីង កុលាភាជន៍ សំណល់ឆ្អឹងសត្វច្រើនប្រភេទ សំបកខ្យង គ្រំ គ្រឿងអលង្គការធ្វើពីថ្ម និងចង្កូមសត្វ និងផ្នូរសពចំនួន៦។ លទ្ធផលបឋមដែលបានមកពីការសិក្សាវិភាគទៅលើស្រទាប់ដីរួមជាមួយវត្ថុផ្សេងៗប្រមូលបានពីកំណាយនៅស្ថានីយល្អាងស្ពាន បង្ហាញ ថា នៅទីនោះមានសកម្មភាពរបស់មនុស្សបីដំណាក់កាលខុសគ្នា ក្នុងរយៈពេលចន្លោះពី ៧១០០០ឆ្នាំ ដល់ ៣០០ឆ្នាំ មុនសម័យបច្ចុប្បន្ន។
វប្បធម៌បីសំខាន់គឺ៖ ថ្មរំលីង វប្បធម៌ហាវប៊ីនញៀន និងវប្បធម៌ថ្មបំបែកដែលចាស់ជាងវប្បធម៌ហាវប៊ីនញៀន។ កាលបរិច្ឆេទនៃវប្បធម៌ទាំងបីដែលទទួលបាននាពេលនេះ គឺធ្វើតាមបច្ចេកទេសវិភាគបែបវិទ្យាសាស្រ្តរួមមាន (វិទ្យុសកម្មកាបូន១៤, OSL និង U-Th) លើស្រទាប់ដីខុសៗគ្នាចាប់ពីផ្ទៃខាងលើដល់ជម្រៅ៥ម៉ែត្រ។ ក្នុងជម្រៅដីប្រហែល៥ម៉ែត្រ គឺបង្ហាញពីភស្តុតាងនៃការតាំងទីរបស់ក្រុមមនុស្សសម័យថ្មបំបែក ដែលមានអាយុប្រហែល៧១០០០ឆ្នាំមុន។ ក្រុមមនុស្សនៅក្នុងសម័យនេះគឺជាក្រុមពនេចរ រស់ដោយចាប់សត្វនិងប្រមូលអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវិត ពួកគេយកល្អាងភ្នំជាជម្រក។
បន្ទាប់មកមានក្រុមមនុស្សមួយក្រុមទៀត ក៏ជាក្រុមអ្នកប្រម៉ាញ់និងប្រមូលអនុផលព្រៃឈើដែរ ហើយជាទូទៅអ្នកស្រាវជ្រាវចាត់ទុកជាក្រុមមនុស្សស្ថិតក្នុងវប្បធម៌មួយឈ្មោះ “ហាវប៊ីញៀន”។ មនុស្សក្រុមនេះ ក៏ជាក្រុមពនេចរ ហើយពួកគេក៏យកល្អាងភ្នំជាជម្រកដូចក្រុមមុនដែរ។ ភស្តុតាងរបស់ក្រុមនេះនៅល្អាងស្ពាន គឺនៅក្នុងស្រទាប់ដីមានអាយុចន្លោះពី១១០០០ឆ្នាំមុនដល់ ៥០០០ឆ្នាំមុន។
ភស្តុតាងទាំងនោះរួមមានសំណល់ឆ្អឹងសត្វច្រើនសន្ធឹកសន្ធាប់របស់សត្វប្រភេទផ្សេងៗ រួមជាមួយឧបករណ៍ថ្មបំបែកផលិតពីដុំក្រួសយកចេញពីបាតស្ទឹង ដែលជាលក្ខណៈពិសេសរបស់ឧបករណ៍ថ្មនៃវប្បធម៌ហាវប៊ីញៀន។ វត្ថុទាំងអស់នេះភាគច្រើនរកឃើញក្នុងជម្រៅដីចាប់ពី ២៥សង់ទីម៉ែត្ររហូតដល់ ១,២០ម៉ែត្រ។ លុះក្រោយមកទៀត មានមនុស្សមួយក្រុមផ្សេងទៀត ដែលជាក្រុមរស់នៅក្នុងបរិបទនៃសម័យកាលមួយថ្មី គេហៅជាទូទៅថា “សម័យថ្មរំលីងឬនវសិលា”។ មនុស្សរស់នៅក្នុងសម័យកាលនេះ គឺជាសង្គមមនុស្សចេះធ្វើកសិកម្ម និងផ្សាំសត្វ តែក៏មិនបោះបង់ទម្លាប់បរបាញ់និងប្រមូលអនុផលព្រៃឈើដែរ តែពួកគេមិនរស់នៅក្នុងល្អាងភ្នំដូចក្រុមមុនៗឡើយ ហើយក៏មិនមែនធ្វើពនេចរដូចក្រុមមុនដែរ។
មនុស្សនៅក្នុងសម័យថ្មរំលីង រស់នៅតាមទីទំនាបក្បែរមាត់ទឹក មានផ្ទះនិងភូមិករអចិន្រ្តៃយ៍ ចេះ ផលិតកុលាលភាជន៍និងប្រើប្រាស់ពូថៅថ្មរំលីង និងឧបករណ៍ផ្សេងៗទៀត។ ករណីនៅល្អាងស្ពាន មនុស្សនៅក្នុងសម័យថ្មរំលីង បានយកល្អាងភ្នំធ្វើជាទីបញ្ចុះសព ព្រោះយើងបានរកឃើញផ្នូរសពចំនួនប្រាំមួយ ដែលផ្នូរនីមួយៗសុទ្ធតែមានវត្ថុប្រើប្រាស់កប់ជាមួយ ដូចជាកុលាលភាជន៍ ពូថៅថ្ម និងផ្នូរខ្លះទៀតមានគ្រឿងអលង្ការទៀតផង។ ផ្នូរទាំងប្រាំមួយដែលបានរកឃើញមានអាយុប្រហាក់ប្រហែលគ្នាគឺចន្លោះពី៣៣១០ទៅ៣៣៥០ឆ្នាំមុន។