រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញដែលកំពុងតែប្រឈមនឹងការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើម


នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញដែលកំពុងតែប្រឈមនឹងការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើម ក្រោមអធិបតីភាព លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា នឹងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ចុះជួយថ្នាក់ជាតិតាមមូលដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ដោយឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានឧបត្ថម្ភអង្ករចំនួន ១០តោន ក្នុងមួយខណ្ឌ សរុប ១៤០តោន ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរមូលដ្ឋាន ចុះធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ៕