អាជ្ញាធរក្រុងសិរីសោភ័ណ ណែនាំដល់អាជ្ញាធរនៅមូលដ្ឋាន ត្រូវត្រៀមជាបណ្តើរៗ នូវសម្ភារសង្គ្រោះបន្ទាន់ ទប់ស្កាត់គ្រោះទឹកជំនន់ ដែលនឹងអាចកើតមានឡើង នៅរដូវវស្សា


(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានណែនាំដល់អាជ្ញាធរនៅមូលដ្ឋានត្រៀមបង្ការ ទប់ស្កាត់គ្រោះទឹកជំនន់ ខណៈរដូវវស្សាបានចូលមកដល់ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធត្រូវត្រៀមឲ្យបានរួចជាស្រេច ក្នុងករណីចាំណាមួយ ក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា។ ការដាក់ចេញវិធានការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ និងលោកស្រី ហ៊ាង គឹមស៊ាង អភិបាលរងក្រុង បានលើកឡើងថា ដោយរដូវភ្លៀងបានចាប់ផ្តើម ធ្លាក់បណ្តើរៗ ពិសេសអាចប្រឈមនឹងទៅគ្រោះទឹកជំនន់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ដូច្នេះជាវិធានការ សូមគ្រប់អាជ្ញាធរនៅមូលដ្ឋានសង្កាត់-ភូមិ និងអ្នកពាក់ព័ន្ធ ត្រូវមានវិធានការត្រៀមជាបណ្តើរៗ ឲ្យបានរួចជាស្រេចដូចជា៖ ថ្នាំសង្កូវ ឧបករណ៍សម្រាប់ជួយសង្គ្រោះបន្ទាន់ផ្សេងៗ ក្នុងករណីចាំបាច់ ក្នុងការជួយដល់ពលរដ្ឋ នៅរដូវទឹកជំនន់កើតមានឡើងនាពេលខាងមុខនេះ។

លោកបន្ដថា មេភូមិ-ចៅសង្កាត់ បើទោះបីជាពេលនេះ មិនទាន់មានទឹកច្រើនក៏ដោយ ត្រូវធ្វើការពិនិត្យតាមដាន និងរាយការណ៍ពីស្ថានភាពទឹក ឲ្យបានជាប្រចាំ ដើម្បីយើងចាត់វិធានការបានទាន់ពេលវេលា។ ពិសេសត្រូវធ្វើការណែនាំ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះកូន ចៅតូចៗ នៅក្នុងរដូវទឹកជំនន់ ដែលអាចនឹងកើតមាននាពេលខាងមុខ ក្រែងកើតមានករណីជាយថាហេតុណាមួយកើតឡើងដូចជា៖ ករណីលង់ទឹកជាដើម។

ទន្ទឹមនឹងនោះ អាជ្ញាធរក្រុងសិរីសោភ័ណ ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវបង្កើន ការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា៖ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ដែលតែងកើតមានឡើង និងធ្វើឲ្យមានផលប៉ះពាល់ ដល់ទ្រព្យសម្បត្តិរបស់បងប្អូនពលរដ្ឋ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វជាដើម៕