នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបពិភាក្សាការងារជាមួយលោកស្រី អានជេលីណា ជូលី (Angelina Jolie) ប្រធានមូលនិធិ MJP លើកិច្ចសហប្រតិបត្តិការក្នុងការបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក៏ដូចជា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ ដើម្បីធានាបាននូវប្រសិទ្ធភាពនិងនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ កិច្ចពិភាក្សាបានឯកភាពបន្តកែលម្អយន្តការសហប្រតិបត្តិការ និងក្របខណ្ឌការងារ ដែលតម្រូវឱ្យភាគីទាំងពីររៀបចំនិងអនុវត្តរួមគ្នានូវផែនការល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់រូបភាព។
ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក៏បានឯកភាពលើការជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នៅក្នុងតំបន់នេះ តាមរយៈការអភិវឌ្ឍការងារកសិកម្ម មុខរបរចិញ្ចឹមជីវិត និងទេសចរណ៍ធម្មជាតិ សំដៅកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ ក៏ដូចជាប្រែក្លាយឥរិយាបទរបស់ប្រជាសហគមន៍មូលដ្ឋានក្នុងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយបរិស្ថាន និងធនធានធម្មជាតិ។