គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវខេត្តលេខ១៤៦បេ ហៅ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៧៨ +១៦៥ រង្វង់មូលសម្ដេចសង្ឃរាជទេពវង្សដល់រង្វង់មូលស្ទឹងហាវ រួចបន្តរហូតដល់កំពង់ផែ សម្រេចបាន១,៩០ភាគរយហើយ


ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវលេខ១៤៦បេ (វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេព វង្ស) និងផ្លូវលេខ១៤៨ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ សំដៅធានាឱ្យបាន តាមស្តង់ដាដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូAC ទទឹងសរុប ១១ម៉ែត្រកម្រាស់៩សង់ទីម៉ែត្រនិងចិញ្ចើមគ្រួសក្រហម ០,៥០ ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង ១១ម៉ែត្រកម្រាស់២៦សង់ទីម៉ែត្រប្រវែង ២២,៣៤៧ គីឡូម៉ែត្រនិងចិញ្ចើមគ្រួសក្រហម ០,៥០ម៉ែត្រ សងខាងចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រើប្រាស់រយ:ពេលសាងសង់ចំនួន ២៨ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន ១,៩០ភាគរយហើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុក ស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រ ជាដើម។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានសាងសង់ និងសៀវភៅបន្ទុក ដែលបានព្រមព្រៀង៕