ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួម ជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការរួមដំណើរពី ឯកឧត្តមរដ្ឋលេខាធិការក្រសួង បរិស្ថាន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរជំនាញ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាជ្ញាធរស្រុក កម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និង ប្រធានសហគមន៍ព្រៃឈើចង្រ្កានរយ ដើម្បីត្រួតពិនិត្យសហគមព្រៃឈើចង្រ្កានរយ ដែលមានផ្ទៃដីព្រៃ ៩១០៤ ហិចតា និង ធ្វើការស្រាវជ្រាវនូវបទល្មើស ព្រមទាំងពិនិត្យពី សក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិ ចង្រ្កានរយ ។
ក្នុងការចុះធ្វើការត្រួតពិនិត្យសហគមព្រៃឈើចង្រ្កានរយ និងការស្រាវជ្រាវនូវបទល្មើស ព្រមទាំងពិនិត្យ ពីសក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិចង្រ្កានរយនេះ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យនៅ តាមទីតាំង ដែលគេបានរាយការណ៍ ពីការកាប់បំផ្លាញ ឈួសឆាយព្រៃឈើ និងការបាចថ្នាំគីមីធ្វើឲ្យដើមឈើ ងាប់ នៅចំណុចពើងច័ន្ទក្រហម, ចំណុចដារហាល និងដារអិល ,ទីកន្លែងដាក់ចំណីសត្វ និងទឹកធ្លាក់ចង្រ្កានរយផងដែរ ។
តាមការបញ្ជាក់របស់ប្អូនស្រី ប្រធានសហគមព្រៃឈើចង្រ្កានរយ បានឲ្យដឹងថា សមាគមព្រៃឈើចង្រ្កាន រយនេះ បានកកើតឡើងនៅឆ្នាំ២០០០ ។ តែសកម្មភាពក្នុងការអភិរក្សព្រៃឈើ និង សត្វព្រៃនៅលើភ្នំចង្ក្រានរយ នេះ មានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង២០១៦ ។ តែនៅពេលដែលមានបាតុភាពកើតឡើង នៅតំបន់ព្រៃ ចង្រ្កានរយ ដោយបានក្រុមជនខិលខូចដែលតែងតែចូលទៅលបលួចកាប់បំផ្លាញ និង បរបាញ់សត្វព្រៃ នៅទីនោះ ហើយត្រូវបានកម្លាំងសហគមន៍ចង្រ្កានរយ បានធ្វើការចុះល្បាតជាប្រចាំ ដែលធ្វើឲ្យក្រុមជនខិលខូចទាំងនោះ បានខឹងជាមួយសហគមន៍ ។ ប្អូនស្រី បានឲ្យដឹងទៀតថា ការអភិរក្សព្រៃឈើ និង សត្វព្រៃនៅទីនេះ ជាគោលដៅ របស់សហគមន៍ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាការ ថែរក្សាព្រៃឈើ និង សត្វនៅទីនេះឲ្យបានគង់វង្សផងដែរ ។ បច្ចុប្បន្ននេះសហគមន៍បានសហការជាមួយអាជ្ញាធរ ស្រុក ឃុំ នឹងមន្ទីរជំនាញ បានធ្វើការរៀបចំ ផ្លូវឡើងភ្នំចូលទៅទស្សនាទឹកធ្លាក់ និង សត្វព្រៃទៀតផង ។
ខ្ញុំសូមធ្វើការគាំទ្រនូវគ្រប់សកម្មភាព របស់ប្អូនស្រី ប្រធានសហគមន៍ព្រៃឈើចង្រ្កានរយ និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ និង អង្គការតំបន់បៃតង ដែលបានរួមសហការគ្នាបានល្អ ក្នុងការអភិរក្ស ថែរក្សានូវធនធានធម្មជាតិ នៅក្នុងមូលដ្ឋានខ្លួន ។ ខ្ញុំសូមជម្រុញដល់សហគមន៍ និង អាជ្ញាធរមូលដ្ឋាន បណ្តាអង្គការ មន្ត្រីជំនាញ បន្តរួម សហការគ្នា ដើមី្បធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អរ អេកូទេសចរណ៍តំបន់ធម្មជាតិមួយនេះ ឲ្យកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តក្នុងការបង្កើននូវការងារដល់ ប្រជាពលរដ្ឋក្នុងសហគមន៍ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ក៏ដូចជាការកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូន នៅក្នុងមូលដ្ឋានផងដែរ ។
ឯកឧត្តម សាយ សំអាល់ ក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរខេត្ត មន្ទីរ ជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ត្រូវធ្វើការទំនាក់ទំនងជាមួយអង្គការតំបន់បៃតង ដើមី្បរៀបចំធ្វើ សិក្ខាសាលា ក្នុងគោលបំណង ធ្វើការបកស្រាយបំភ្លឺពីករណីបណ្តឹង , ការគាំទ្រសកម្មភាពរបស់សហគមន៍កន្លងមក ព្រមទាំង ស្វែងរកថវិកាគាំទ្របន្តទៀតផង ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កត្តាដ៏សំខាន់នោះ គឺត្រូវធ្វើការផ្សព្វផ្សាយនូវ អនុក្រិត្ររបស់រាជរដ្ឋាភិបាល ស្តីពីសហគមន៍ព្រៃឈើ និង គាំទ្ររៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អរអេកូទេស ចរណ៍តំបន់ធម្មជាតិ រួមទាំងធ្វើការរៀបចំនូវប្រព័ន្ធទឹក ដើមី្បធ្វើការរក្សាតំកល់ទឹកទុកនៅ សម្រាប់ប្រើប្រាស់នៅ សហគមន៍ និង ការពារព្រៃឈើ នៅពេលមានភ្លើងព្រៃកើតមានឡើង ។ ឯកឧត្តម សាយ សំអាល់ ក៏មាន ចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសក្តានុពលរបស់សហគមន៍ព្រៃឈើចង្ក្រានរយ ដែលបានខិតខំពុះពារនូវគ្រប់ឧបស័គ្គ ក្នុងការការពារព្រៃឈើ និង សត្វដើមី្បសំដៅទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនា កម្សាន្ត ក៏ដូចជាការបង្កើននូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទៀតផង ។ ឯកឧត្តមក៏បាន លើកផងដែរថា ក្រសួងនឹងធ្វើការពិនិត្យនូវលទ្ធភាពកញ្ចប់ថវិកា របស់ក្រសួង ក្នុងការគាំទ្រសហគមន៍ព្រៃឈើ ចង្រ្កានរយ ព្រមទាំងសូមឲ្យសហគមន៍ត្រូវធ្វើកិច្ចសហការ និង ទំនាក់ទំនងជាមួយអង្គភាពជំនាញសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ក្នុងការធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់ភ្ញៀវដែលបានចូលមកស្នាក់នៅ និង ទស្សនាកម្សាន្ត នៅរមនីយដ្ឋានធម្មជាតិចង្រ្កានរយនេះផងដែរ ៕